(ប៉េកាំង)៖ នីតិរដ្ឋតាមបែបផែនចិនក្នុងសម័យទំនើបនេះ ត្រូវបានរៀបចំឡើងចាប់ពីពេលដែលប្រទេសចិន បានបង្កើតប្រព័ន្ធច្បាប់ តាមលំអានរបបសង្គមនិយម តាមបែបផែនចិន ដោយមានរដ្ឋធម្មនុញ្ញជាគោលការណ៍គ្រឹះ ដោយផ្តើមចេញពីដំណាក់កាលដំបូង ក្នុងឆ្នាំ១៩៤៩ ហើយគិតរហូតមកដល់ពេលនេះ មានអាយុកាល៧៥ឆ្នាំ ដែលបានផ្តល់ នូវចម្លើយយ៉ាងច្បាស់លាស់ថា រដ្ឋធម្មនុញ្ញរបស់ប្រទេសចិនបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ រវាងវាសនាប្រជាជនចិន និងប្រទេសចិន ស្របនឹងទស្សនវិជ្ជាចិន ដែលតែងបានលើកឡើងថា «គ្មានសមិទ្ធផលណាមួយរបស់ប្រជាជន អាចសម្រេចបានដោយគ្មានបទដ្ឋាន របស់បទបញ្ជា និងគោលការណ៍ច្បាប់នោះឡើយ»។ ការថែរក្សាការពារអំណាចរបស់រដ្ឋធម្មនុញ្ញ គឺជាការថែរក្សាអំណាចនៃឆន្ទៈរួម របស់ប្រជាជននិងបក្សកុម្មុយនិស្តចិន។ នីតិរដ្ឋចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលមានលោក Xi Jinping ជាស្នូល បានធានានូវការអនុវត្តរដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការធានាដល់ផលប្រយោជន៍របស់ប្រជាជនចិន ដែលជាម្ចាស់ប្រទេស និងជាម្ចាស់អំណាច។

នីតិរដ្ឋតាមបែបផែនចិនគឺជាគោលការណ៍មូលដ្ឋាន ដែលបក្សកុម្មុយនិស្តចិនអនុវត្តតាមគោលបំណងដើមរបស់ខ្លួន ក្នុងការដឹកនាំប្រទេស និងប្រជាជនចិន ឆ្ពោះទៅកាន់វិបុលភាព ហើយវាជាចំណុចសំខាន់ នៃមាគ៌ាសង្គមនិយមតាមបែបផែនចិន ដែលមានភាពត្រឹមត្រូវ ស្របតាមលក្ខខណ្ឌជាតិ និងសច្ចភាពរបស់ ប្រទេសចិន ហើយស័ក្តិសមឥតខ្ចោះនឹងគុណតម្លៃមនុស្សជាតិ។ តាមរយៈការអនុវត្ត នូវគោលការណ៍ច្បាប់តាមបែបផែនចិន បានដឹកនាំប្រទេសយល់ច្បាស់ ពីអាទិភាព នៃការងារនៅក្នុងសង្គមចិន ដែលយើងឃើញថា ដំបូងបង្កើនប្រសិទ្ធភាពនៃសមភាពសង្គម ហើយបន្ទាប់មកទៀតយើងនឹងឃើញពី ស្ថិរភាពសង្គមនឹងមកតាមក្រោយ។

ប្រព័ន្ធច្បាប់តាមបែបផែនចិន បានលើកទឹកចិត្តដល់ប្រជាជនចិនរួមគ្នាកសាងសង្គមនិយម ដែលបានផ្តល់ឱ្យបក្សកុម្មុយនីស្តចិន បង្កើតគោលគំនិត និងយុទ្ធសាស្ត្រជាច្រើន ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ប្រកបដោយស័ក្តិសិទ្ធភាព តាមរយៈភាពបន្ស៊ីគ្នា ប្រៀបដូចជាការលេង Piano គឺគ្រប់ម្រាមដៃទាំង១០ សុទ្ធតែមានចលនាទាំងអស់ មិនមែនម្រាមខ្លះមានចលនា ហើយម្រាមខ្លះគ្មានចលនា នោះទេ។ ប៉ុន្តែប្រសិនបើម្រាមដៃទាំង១០នោះ ចុចដំណាលគ្នាក្នុងពេលតែមួយ នោះវាមិនមែនជាបទភ្លេង នោះទេ។ ក្នុងន័យនេះ ដើម្បីបង្កើតជាតន្ត្រីដ៏ពីរោះមួយបទ ម្រាមដៃទាំង១០ត្រូវធ្វើចលនាស៊ីចង្វាក់គ្នា និងមានភាពបន្ស៊ីគ្នា។

នីតិរដ្ឋតាមបែបផែនចិន បានលាតត្រដាតយ៉ាងស៊ីជម្រៅថា ភាពរុងរឿងនៃប្រព័ន្ធច្បាប់តាមបែបផែនចិន នឹងនាំទៅរកភាពរុងរោចន៍ និងរឹងមាំរបស់ប្រទេសចិន តាមរយៈការចូលរួមរបស់ប្រជាជនចិន នៅក្នុងការបង្កើតច្បាប់ប្រកបដោយប្រសិទ្ធភាព ហើយបានឆ្លុះបញ្ចាំង តាមរយៈអារម្មណ៍ពាក្យសម្តី និងទង្វើផ្ទាល់របស់ប្រជាជនចិន នៅក្នុងការលើកកម្ពស់ ប្រជាធិបតេយ្យ ដែលបានដំណើរការ ចាក់ឬសយ៉ាងជ្រៅ ទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនចិន ដែលយើងបានឃើញច្បាស់តាមរយៈប្រាក់ចំណូលមធ្យម ប្រជាជនចិនក្នុងឆ្នាំ ២០២៣កន្លងមកបានកើនដល់១២ ៥១៤ (ដប់ពីរពាន់ប្រាំរយដប់បួន)ដុល្លារអាមេរិក ដោយបានរួមចំណែកដល់ការចែករំលែកពុទ្ធិ និងបទពិសោធន៍ដល់បណ្តាប្រទេសនានា ដើម្បីងើបចាកផុតពីភាពក្រីក្រ ហើយក៏វាក៏ជាកាលានុវត្តភាព ដែលប្រទេសនានា បានចូលរួមយ៉ាងសកម្មជាមួយប្រទេសចិន តាមរយៈគំនិតផ្តួចផ្តើមទាំង៤ដែលបានផ្តួចផ្តើមដោយប្រទេសចិន នៅក្នុងរង្វង់នៃកិច្ចកសាង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិ។

នីតិរដ្ឋតាមបែបផែនចិន គឺជាលក្ខណៈពិសេសរបស់ប្រទេសចិន ដែលបានលើកស្ទួយប្រាជ្ញាអរិយធម៌ច្បាប់សកល ដោយការធ្វើសមាហរណកម្ម នូវគោលការណ៍ច្បាប់ និងគោលការណ៍គុណធម៌រួមបញ្ចូលគ្នា ហើយគោលការណ៍ទាំងពីរនេះនឹង បំពេញឲ្យគ្នា និងពង្រឹងគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់ទំនើបកម្ម ប្រព័ន្ធអភិបាលកិច្ចប្រទេសចិន ហើយគោលការណ៍ទាំងពីរនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់សង្គមចិន ដោយច្បាប់ជាអ្នកធានាឲ្យមាន នូវស្ថិរភាពសង្គម ខណៈពេល ដែលគុណធម៌ជួយទ្រទ្រង់ ដល់ផ្នត់គំនិតរបស់សង្គម។ ការអនុវត្តច្បាប់ប្រកបដោយភាពស័ក្តិសិទ្ធិ ក៏ត្រូវពឹងផ្អែកទៅលើ ការអនុវត្តគុណធម៌ បានយ៉ាងល្អប្រពៃ ស្របពេលដែលគុណធម៌ត្រូវប្រព្រឹត្តស្របតាមច្បាប់។ ច្បាប់និងគុណធម៌ គឺជាគោលការណ៍២ ដែលមិនអាចបំបែកចេញពីគ្នា បានរបស់នីតិរដ្ឋចិន ហើយគោលការណ៍ទាំងពីរនេះតែងបានអនុវត្តប្រកបដោយមានតុល្យភាព និងមានភាពបន្ស៊ីគ្នា បានផ្តល់នូវកម្លាំងចិត្តដល់ប្រជាជនចិន យល់ស្របគ្នាថា ច្បាប់របស់ប្រទេសចិនឈរជាមួយប្រជាជនចិន ការពារប្រជាជនចិន និងបម្រើប្រជាជនចិន។

ប្រជាជនចិនបានរស់នៅក្រោមដំបូលនីតិរដ្ឋ ដែលឆ្លុះបញ្ចាំងនូវតថភាពប្រព័ន្ធច្បាប់របស់ប្រទេសចិន ដែលផ្តល់សិទ្ធិសេរីភាព យ៉ាងពេញលេញ ដល់ប្រជាជនចិនស្របទៅតាមក្របខណ្ឌ នៃគុណធម៌និងសីលធម៌របស់ជនជាតិចិន ហើយបានជំរុញឱ្យក្រមគុណធម៌ និងសីលធម៌ចិនផ្តល់មកវិញ នូវគ្រឿងបំពាក់បំប៉ន ឬអាហារូបត្ថម្ភបន្ថែមទៀតដល់ ការអភិវឌ្ឍគោលការណ៍ច្បាប់ក្នុងប្រទេសចិន។

ជារួមរយៈពេល៧៥ឆ្នាំ ដែលសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើង ហើយជាពិសេសចាប់ពីឆ្នាំ២០១២មក ក្នុងរយៈពេលជាង១ទសវត្សរ៍ ក្រោមការដឹកនាំប្រកបដោយប្រាជ្ញាដ៏វាងវៃ របស់លោក Xi Jinping ប្រធានរដ្ឋចិន ប្រទេសចិនគឺជានីតិរដ្ឋដែលមានភាពរឹងមាំលើ ប្រព័ន្ធច្បាប់និងជាគំរូ ដល់ប្រព័ន្ធច្បាប់សកល ជាប្រទេសពោរពេញដោយសុវត្ថិភាព ជាប្រទេសដែលប្រជាជនចិនស្គាល់ នូវវិបុលភាពនៃជីវភាពរស់នៅកាន់តែប្រសើរ ជាប្រទេសដែលបានដើរតួនាទីយ៉ាងសកម្ម នៅក្នុងការពង្រឹងអំណាចច្បាប់អន្តរជាតិ គោរពនិងផ្តល់តម្លៃយ៉ាងខ្ជាប់ខ្ជួនដល់គោលការណ៍ច្បាប់អន្តរជាតិ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ព្រមទាំងជាប្រទេសដែលបានប្រកៀកស្មាជាមួយបណ្តាប្រទេសនានា ជ្រោងទង់ នៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិដែលផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ និងជាប្រទេសដែលឈរជាប់ជានិច្ច ជាមួយសហគមន៍អន្តរជាតិ នូវកិច្ចសហប្រតិបត្តិការពហុភាគីនិយម៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន