(ភ្នំពេញ)៖ ក្រោយដឹងពីស្ថានភាពគ្រួសារខ្វះខាតរបស់បុរសជាសន្តិសុខ និងប្រពន្ធដែលសម្រាលកូននៅមន្ទីរពេទ្យតេជោសន្តិភាពនោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភអំណោយមួយចំនួនដល់គ្រួសារបុរសរូបនេះ តាមរយៈលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីទ្រទ្រង់ផ្គត់ផ្គង់តម្រូវការក្នុងគ្រាសម្រាលកូននេះ។

បុរសជាសន្តិសុខរូបនេះមានឈ្មោះ សួន សុភក្រ្តា និងប្រពន្ធមានឈ្មោះ ពេង ឆាតដា ដែលកំពុងសម្រាកសម្រាលកូន (មិនទាន់គ្រប់ខែ) ទាំងដែលមានការខ្វះខាត។

ក្រុមការងារបានឱ្យដឹងថា ដោយមើលឃើញថា គ្រួសារលោក សួន សុភក្រ្តា មានជីវភាពទីទាល់ក្រ តាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ទើបលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានចាត់តាំងក្រុមការងារនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានលោកវរសេនីយ៍ឯក សាន់ ដេត និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាំយកអំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត ផ្តល់ជូនដល់បុរសជាសន្តិសុខនិងប្រពន្ធដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យតេជោសន្តិភាព ស្ថិតនៅតាមបណ្តោយផ្លូវកប់ស្រូវ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

អំណោយទាំងនោះរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ស្ករ ប៊ីចេង អំបិល ត្រីខកំប៉ុង និងទឹកដោះគោសម្រាប់ទារក រួមទាំងថវិកាចំនួន១លានរៀល។ ក្រុមការងារបានបន្ថែមថា នេះជាទឹកចិត្តរបស់ថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានការលំបាក ឬខ្វះខាត គឺមានថ្នាក់ដឹកនាំនៅក្បែរជានិច្ច។

លោក​ សួន សុភក្រ្តា និងប្រពន្ធមានអារម្មណ៍សប្បាយរីករាយជាខ្លាំង និងបានលើកម្រាមដៃ១០សំពះអរគុណដល់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏ដូចអរគុណដល់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងក្រុមការងារទាំងអស់ផងដែរ៕