(ប៉ៃលិន)៖ លោក អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានប្រាប់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាដាច់ខាត បន្តរក្សាការពារឲ្យខាងតែបាន នូវសន្តិសុខសណ្តាប់ធា្នប់សង្គម ស្ថេរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍ ជាបន្តបន្ទាប់ជូនប្រទេសជាតិ និងប្រជាជន ព្រមទាំងបានធ្វើការក្រើនរំលឹកដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្ត ធ្វើការ ពង្រឹង និងពង្រីកបន្ថែម ការអនុវត្តការងារ និងកម្មវិធីនយោបាយ និងយុទ្ធចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទប់ ស្កាត់រាល់បាតុភាពអសកម្មដែលបង្កជាបញ្ហាមកលើប្រជាពលរដ្ឋ ជាហេតុប៉ះពាល់កិត្តិយសរបស់រាជរដ្ឋាភិបាល ហើយដើម្បីទប់ស្កាត់បញ្ហាដែលអាចកើតមានឡើង។
ឆ្លៀតក្នុងឱកាសនោះ លោក អ៉ី ឈាន ក៏បានចង្អុលបង្ហាញពីយុទ្ធសាស្រ្តល្អៗមួយចំនួនជូនដល់ក្រុមការងារថ្នាក់ជាតិ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធិភាពជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យ ប្រជាពលរដ្ឋមានទំនុកចិត្ត លើការទទួលសេវា របស់រដ្ឋបាលគ្រប់ថ្នាក់។
លោក អ៉ី ឈាន បានលើកឡើងខណៈ លោក និងភរិយា ព្រមទាំង ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន សរុបប្រមាណ ១៥០នាក់ បានរៀបចំកិច្ចប្រជុំដំបូង ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងកិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យ ពិភាក្សារវាងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ជាមួយនឹងរដ្ឋាបាលថ្នាក់ក្រោមជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ ដោះស្រាយ និងឆ្លើយតប បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋក្នុង មូលដ្ឋាន ឲ្យបានកាន់តែទូលំទូលាយ តាមរយៈការរៀបចំវេទិកាសាធារណៈរវាងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា ក្នុងកម្មវិធីនេះ ក៏មានការប្រគល់ ទទួលភារកិច្ចដល់សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងក្រុមការងារថ្នាក់ក្រុង ស្រុក ដើម្បីរៀបចំដំណើរការការងាររបស់ខ្លួន ក្នុងការ ត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នៅខេត្តប៉ៃលិនផងដែរ៕