(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដោយមានការចូលរួមពីលោកមេបញ្ជាការរង និង នាយទាហាន ជាច្រើនរូបទៀត នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បាននាំអាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនកងទ័ពទូទាំងតំបន់សឹករងខេត្តទាំងអស់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ញើជូនកងទ័ពដែលមានវត្តមាននៅទីនេះ ក៏ដូចជាកងទ័ព និងគ្រួសារកងទ័ព ទាំងអស់ទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារផងដែរ។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ បានលើកឡើងថា ជាទៀងទាត់ណាស់នៅរដូវរងារ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងផ្តល់អាវរងារជូនកងទ័ព ដោយឡែកនៅរដូវវស្សា សម្តេចទាំងទ្វេរ តែងផ្តល់អាវភ្លៀងជូនកងទ័ពជាប្រចាំ ដែលកត្តានេះបានបញ្ជាក់ឲ្យឃើញថា សម្តេចទាំងទ្វេរតែងយកចិត្តទុកដាក់គិតគូរជានិច្ចដល់សុខទុក្ខរបស់កងទ័ពគ្រប់កាលៈទេសៈ និងគ្រប់រដូវកាលទាំងអស់។

លោកអំពាវនាវដល់កងទ័ពទាំងអស់ ត្រូវបន្តចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ពិសេសគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រូវថែរក្សាសុខភាពឲ្យបានល្អ រដូវវស្សាមកដល់ភ្លៀងតែងធ្លាក់ជាប្រចាំ ដូច្នេះអាវភ្លៀងដែលជាអំណោយរបស់សម្តេចទាំងទ្វេរ ក្រៅពីផ្តល់ភាពកក់ក្តៅដល់យើង គឺអាចកាត់បន្ថយបានពីជំងឺផ្សេងៗទៀតបាន ពិសេសគឺជំងឺផ្តាសាយដែលបណ្តាលមកពីទទឹកទឹកភ្លៀង៕