(ភ្នំពេញ)៖ នៅក្នុងសប្តាហ៍ទី២ នៃវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានជំនាន់ទី៧ របស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC បានពន្យល់ថា Breaking News អាចសរសេរដោយប្រើតម្លៃខ្លះរបស់ 5W’s ហើយមនុស្សមួយចំនួនហៅ វាថា News Flash ឬ Newsbreak។

នៅក្នុងវគ្គសិក្សាអំពី «របៀបសរសេរព័ត៌មានស៊ើបអង្កេត និងអត្ថបទយកការណ៍» នេះ លោក ម៉ារ យ៉ារិទ្ធិ បានលើកឡើងថា Breaking News «ព័ត៌មានទាន់ហេតុការណ៍បឋម» គឺជាការជូនដំណឹងនូវព័ត៌មានដែលផ្ទុះឡើងភ្លាមៗដែលមិនទាន់គ្រប់ជ្រុងជ្រោយ។ Breaking News គឺជារឿងដែលកំពុងកើតឡើងឬទើបនឹងកើតដែលគេត្រូវជូនដំណឹងសិននៅមុនពេល ដែលគេនឹងសរសេរវាម្តងទៀតជាដំណឹងក្តៅ។ បន្ទាប់ពី Breaking News, យើងត្រូវបញ្ចេញរឿងនោះសាឡើងវិញ ដោយការសរសេរជា របៀបដំណឹងក្តៅដែលគេស្គាល់ជាទូទៅថា Spot News, Hot News ឬHard News។

លោក ម៉ារ យ៉ារិទ្ធិ បានបន្ដថា អត្ថបទក្តៅ Spot/ Hot News «ព័ត៌មានទាន់ហេតុការណ៍គ្រប់ជ្រុងជ្រោយ» គឺជាអត្ថបទដែលរៀបរាប់នូវហេតុការណ៍មួយកើតឡើង ក្នុងការផ្សំជាមួយ 5w’s and H តាម ទម្រង់សាជីផ្កាប់ Inverted Pyramid ។ ប៉ុន្តែការសរសេរអត្ថបទក្តៅ មិនបានរៀបរាប់ភាពរស់រវើកដោយក្បោះក្បាយ ដែលអាចធ្វើឱ្យគេស្រមៃឃើញនូវហេតុការណ៍ (Imaginative and Colorful) ឬស្រមៃនូវទិដ្ឋភាពដែលកើតឡើងគ្រប់ជ្រុងជ្រោយឡើយ។

បន្ថែមពីនេះ ការសរសេរអត្ថបទក្តៅ Spot News គឺជាការ សរសេរដែលមិន ត្រូវការប្រើពេលវេលាយូរ ដើម្បីបង្ហាញនូវទិដ្ឋភាពរស់រវើកទាំងឡាយនោះទេ។អត្ថបទក្តៅ Spot News ជាអត្ថបទ Inform ជួនដំណឹង ជាមួយការការរៀបរាប់សាឡើងវិញប៉ុន្តែលំអិតនូវ 5W’s & How និងដកស្រង់សម្តី សាក្សី និងការបញ្ចូលនូវសាវតារឿងដែលជាប់ពាក់ព័ន្ធ។

គួរជម្រាបជូនថា លោក ម៉ារ យ៉ារិទ្ធិ គឺជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) និងជាគ្រូបង្គោល នៅក្នុងការសរសេរបង្ហាត់បង្រៀនផ្នែកសរសេរព័ត៌មានផ្ទាល់ផងដែរ។ បច្ចុប្បន្ន FTC មានការបណ្ដុះបណ្ដាលជំនាញចំនួន៣គឺ ទី១៖ ជំនាញសរសេរព័ត៌មាន ដោយលោក ម៉ារ យ៉ារិទ្ធ ទី២៖ ជំនាញថតរូបក្នុងវិជ្ជាជីវៈសាព័ត៌មាន គឺបង្រៀនដោយលោក ហេង ស៊ីនិត្យ និងទី៣៖ របៀបសរសេរសេចក្តីប្រកាសព័ត៌មានសម្រាប់ក្រុមហ៊ុនឯកជន ដែលសុទ្ធសឹងតែជាគ្រូជំនាញ និងមានបទពិសោធន៍ក្នុងការបំពេញការងារទាំងស្ថាបនជាតិ និងអន្តរជាតិជាង៣០ឆ្នាំមកហើយ៕