(ត្បូងឃ្មុំ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កម្ពុជាផលិតម្រេចបានជិត ២ម៉ឺនតោនក្នុងមួយឆ្នាំៗ ដែលទិន្នន័យផលម្រេចភាគច្រើនមកពីភូមិសាស្រ្តខេត្តត្បូងឃ្មុំ។

អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា ប្រជាកសិករអ្នកដាំម្រេចនៅមេមត់ចំនួន៤០គ្រួសារ មានទំហំផ្ទៃដីមានផ្ទៃដីដាំដុះចំនួន ៦២,៥ហិកតា ត្រូវជា ជាង១០មុឺនជន្លង់ បានស្ម័គ្រចិត្តវចង់រួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ហើយប្រសិនបើលទ្ធផលនៃការសិក្សាសមិទ្ធលទ្ធភាព (Feasibility Study) បង្ហាញថាអាចទៅរួច ក្រសួងនឹងមានសហគមន៍កសិកម្មទំនើបមួយទៀត សម្រាប់ដំណាំម្រេចក្នុងពេលឆាប់ៗនេះនៅក្នុងខេត្តត្បូងឃ្មុំ។

បន្ថែមពីនេះ លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា៖ «យោងតាមទិន្នន័យឆ្នាំ២០២៣ កម្ពុជាផលិតម្រេចបានប្រមាណបរិមាណផលមានចំនួន ១៨,៥០៣តោន ដែលភាគច្រើនចេញពីខេត្តត្បូងឃ្មុំនេះតែម្តង ប្រសិនបើបងប្អូនអ្នកដាំម្រេចនៅក្នុងមួយខេត្តនេះរួមគ្នាជាសហគមន៍ដ៏ធំមួយ កម្លាំងតែមួយ និងទិសដៅតែមួយ ជឿជាក់ថាយើងនឹងអាចគ្រប់គ្រងដំណាំដ៏មានសក្តានុពលនេះ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច គ្រប់គ្រងបានទាំងថ្លៃនិងទីផ្សារ ព្រមទាំងអាចកែច្នៃ ហើយចាំនាំចេញពីកម្ពុជាដោយខ្លួនឯង ប្រកបដោយភាពប្រកួតប្រជែងដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសដទៃឡើយ»