(ត្បូងឃ្មុំ)៖​ លោក ងឿន ច័ន្ទលីនប៉ូឡ៉ែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកខេត្តត្បូងឃ្មុំ រួមដំណើរដោយលោក វ៉ាន់ វីរៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងក្រុមការងារ កាលពីកន្លងទៅថ្មីៗនេះ បានចុះសិក្សា និងផ្តិតយករូបភាពនៅរមណីយដ្ឋាន «ទឹកធ្លាក់ហោង» ដើម្បីផ្សព្វផ្សាយដល់អ្នកទេសចរណ៍ឲ្យបានស្គាល់ និងមកលេងកំសាន្តនៅទីនេះ។

ជាមួយនឹងធម្មជាតិ យ៉ាងស្រស់ត្រកាល លោក ងឿន ច័ន្ទលីនប៉ូឡ៉ែន ក៏បានជំរុញឲ្យមន្ទីរព័ត៌មានខេត្ត បង្កើនការផលិតផ្សព្វផ្សាយទីនេះ ក៏ដូចជាសំណូមពរដល់ អាជ្ញាធរខេត្ត អភិវឌ្ឍន៍ទឹកធ្លាក់ធម្មជាតិនេះ ឲ្យកាន់តែមានសោភ័ណស្រស់ស្អាតទាក់ទាញបន្ថែមទៀត។

ជាមួយគ្នានោះលោក វ៉ាន់ វីរៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បញ្ជាក់ថា ក្រុមការងារមន្ទីរកន្លងមកតែងតែចុះផ្តិតយករូបភាព និងវីដេអូផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយនៅតែបន្តផ្សព្វផ្សាយឲ្យបានកាន់តែច្រើន និងទូលំទូលាយបន្ថែមទៀតផងដែរ ព្រោះទីនេះជាតំបន់មានសក្តានុពល បែបធម្មជាតិរបស់ខេត្តដែលមាន។

លោក វ៉ាន់ វីរៈ បន្ថែមថា ជាពិសេសស្របតាមការចង្អុលបង្ហាញពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តែងតែណែនាំឲ្យមន្ទីរព័ត៌មានតាមបណ្តាខេត្ត ផ្សព្វផ្សាយបង្ហាញពីសក្តានុពលដែលមាន និងសមិទ្ធិផល បានអភិវឌ្ឍន៍ កំពុងអភិវឌ្ឍន៍ និងបន្តអភិវឌ្ឍន៍ ក្នុងខេត្តរបស់ខ្លួន ឲ្យបានច្រើន និងទូលំទូលាយដល់ស្រទាប់មហាជន។

សូមជម្រាបថា «ទឹកធ្លាក់ហោង» ជារមណីយដ្ឋានទឹកធ្លាក់ធម្មជាតិប្រវត្តិសាស្រ្តដ៏មានសក្តានុពលមួយ ក្នុងខេត្តត្បូងឃ្មុំ។ ជាមួយនឹងទឹកធ្លាក់កម្ពស់ប្រមាណ៨ម៉ែត្រ អមដោយទេសភាពធម្មជាតិដ៏ត្រកាល អាជ្ញាធរខេត្ត ក៏បានដាក់គោលដៅអភិវឌ្ឍន៍តំបន់នេះទៅជាទីទេសចរណ៍គំរូសម្រាប់ខេត្ត នាពេលខាងមុខ។

រមណីយដ្ឋានធម្មជាតិ «ទឹកធ្លាក់ហោង» មានទីតាំងស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្ត។

ក្រៅពីមានរូងភ្នំថ្មរាប់សិបម៉ែត្រ ដែលបង្កើតបានជាល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ រមណីយដ្ឋាន «ទឹកធ្លាក់ហោង» ហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃឈើយ៉ាងស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ គួរជាទីមនោរម្យ សម្រាប់ភ្ញៀវទេសចរណ៍ដើរលេងកំសាន្ត បែបធម្មជាតិ អមជាមួយទឹកធ្លាក់៕