(ភ្នំពេញ)៖ បច្ចុប្បន្ន ការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គឺជាការពង្រីកមធ្យោបាយប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ក្នុងនោះក្រុមហ៊ុន​ Travelport Cambodia បានតួយ៉ាងសំខាន់ក្នុងការផ្ដល់នូវបច្ចេកវិទ្យាថ្មីៗបំពាក់ជូនក្រុមហ៊ុនទេសចរណ៍នានា ជួយដល់ការធ្វើទំនាក់ទំនងជាមួយភ្ញៀវទេសចរ ក៏ដូចជាទីផ្សារទេសចរណ៍នៅក្រៅប្រទេសកាន់តែងាយស្រួល លឿនរហ័ស និងទាន់សម័យ។

នេះជាការកត់សម្គាល់របស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដែលត្រូវបានលើកឡើងក្នុងសិក្ខាសាលាក្រោមប្រធានបទ Get Moving Get Modern នារាត្រីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ One Park Residence។ សិក្ខាសាលានេះរៀបចំដោយក្រុមហ៊ុន​ Travelport Cambodia ដែលជាក្រុមហ៊ុនផ្ដល់នូវសេវាកក់សំបុត្រយន្តហោះទូទាំងពិភពលោក ក្នុងគោលបំណងណែនាំពីបច្ចេកវិទ្យាថ្មីៗក្នុងការលក់សំបុត្រយន្តហោះ កញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬសំបុត្រសណ្ឋាគារជាដើម ប្រកបដោយភាពងាយស្រួល លឿនរហ័សជាងមុន ទាន់សម័យកាល។

លោក ង្វៀន ថាញ់ឡុង តំណាងក្រុមហ៊ុន​ Travelport Cambodia បានឱ្យដឹងថា Travelport ជាក្រុមហ៊ុនដែលផ្ដល់ជូនសេវាកម្មកក់សំបុត្រយន្ដហោះ សណ្ឋាគារ និងរថយន្ដនៅទូទាំងពិភពលោក ដែលកំពុងតែចូលរួមចំណែកក្នុងការទាក់ទាញអ្នកទេសចរចូលមកកម្ពុជាកាន់តែច្រើនថែមទៀត ដែលប្រតិបត្តិករទេសចរណ៍ទាំងអស់គួរតែយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ប្រព័ន្ធនេះ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា បានគាំទ្រចំពោះការនាំយកបច្ចេកវិទ្យាថ្មីៗក្នុងការលក់សំបុត្រយន្តហោះ កញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬសំបុត្រសណ្ឋាគារ របស់ក្រុមហ៊ុន Travelport មកបំពាក់ជូនក្រុមហ៊ុនទេសចរណ៍នានា ដោយបានជួយយ៉ាងច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយភ្ញៀវទេសចរ ក៏ដូចជាទីផ្សារទេសចរណ៍នៅក្រៅប្រទេស។ លោកស្រីយល់ថា ការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គឺជាការពង្រីកមធ្យោបាយប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីឈានទៅដល់ការចាប់ដៃគូថ្មីៗទៀត។

លោកស្រីប្រធានបានបន្តថា ចំពោះសមាគម CATA តែងផ្សព្វផ្សាយប្រាប់សមាជិករបស់ខ្លួនឱ្យត្រៀមខ្លួនក្នុងការផ្លាស់ប្ដូររបៀបទំនាក់ទំនងនៃវិស័យទេសចរណ៍ ពោលគឺមិនអាចធ្វើទំនាក់ទំនងផ្ទាល់ដូចមុននោះទេ។ ផ្ទុយទៅវិញ សមាជិកសមាគម ក៏ដូចជាអ្នកធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ត្រូវចេះចាប់ដៃគូតាមរយៈអនឡាញ។

លោកស្រីបន្តទៀតថា នៅពេលបច្ចេកវិទ្យាកាន់តែរីកចម្រើន ហើយសមាជិកសមាគម CATA ខ្លះដើរអត់ទាន់ នោះនឹងបាត់បង់ឱកាសក្នុងការធ្វើទំនាក់ទំនងជាមួយទីផ្សារទេសចរណ៍ខាងក្រៅ ដូច្នេះសូមតាមដានជាមួយសមាគមឱ្យបានជាប់លាប់ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាពិតជាមានសារសំខាន់ និងបានជួយច្រើនណាស់ក្នុងវិស័យទេសចរណ៍ ពោលគឺក្រសួងទេសចរណ៍បានជំរុញកិច្ចការងារនេះតាំងពីមុនមានវិបត្តិជំងឺកូវីដ១៩មកម្ល៉េះ ហើយកាលៈទេសៈជំងឺកូវីដបានក្លាយជាកាតាលិករជំរុញឱ្យការប្រើប្រាស់បច្ចេកទេសវិទ្យាមិនអាចខ្វះបាន។

លោក អាំង សុវណ្ណរ័ត្ន បានបន្តលើកឡើងពីសារសំខាន់នៃការប្រែប្រួលបច្ចេកវិទ្យា និងការប្រែប្រួលតម្រូវការ។ ការប្រែប្រួលបច្ចេកវិទ្យាជាតម្រូវការចាំបាច់របស់ប្រជាជននិងអតិថិជន ដូច្នេះអ្នកប្រកបអាជីវកម្មទាំងឡាយចាំបាច់ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ។ នៅក្នុងវិស័យទេសចរណ៍ ភ្ញៀវទេសចរមិនចាំបាច់ធ្វើដំណើរមកសួរព័ត៌មាន ទិញសំបុត្រ ឬកក់សណ្ឋាគារជាដើមនៅមូលដ្ឋានអាជីវកម្មទេសចរណ៍ដោយផ្ទាល់ដូចមុននោះទេ គឺពួកគេធ្វើទំនាក់ទំនងជាមួយការីទេសចរណ៍តែតាមអនឡាញទេ។

លោកអគ្គនាយកបានឱ្យតម្លៃខ្លាំងទៅលើ «ការចាប់យកឱកាស ឬកាលានុវត្តភាព» និង «ការសម្របខ្លួន» ពោលគឺត្រូវតែចេះចាប់យកឱកាស និងសម្របខ្លួនជាមួយការវិវត្តបច្ចេកវិទ្យា។

ភាគីក្រសួងទេសចរណ៍ សមាគម CATA និងតំណាងក្រុមហ៊ុនទេសចរណ៍ទាំងឡាយសុទ្ធតែកោតសរសើរចំពោះក្រុមហ៊ុន​ Travelport Cambodia ដែលបានតួយ៉ាងសំខាន់ក្នុងការផ្ដល់នូវបច្ចេកវិទ្យាថ្មីៗបំពាក់ជូនក្រុមហ៊ុនទេសចរណ៍នានា ជួយដល់ការធ្វើទំនាក់ទំនងជាមួយភ្ញៀវទេសចរ ក៏ដូចជាទីផ្សារទេសចរណ៍នៅក្រៅប្រទេសកាន់តែងាយស្រួល លឿនរហ័ស និងទាន់សម័យ។

សូមជម្រាបថា Travelport គឺជាប្រព័ន្ធមួយដែលពិភពលោកប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ដូច្នេះក្រុមហ៊ុនទេសចរណ៍ដែលត្រូវការកក់សំបុត្រយន្ដហោះ ត្រូវប្រើប្រាស់នូវប្រព័ន្ធនេះដើម្បីដឹងច្បាស់ថា តើតម្លៃសំបុត្រយន្ដហោះណាល្អ ហើយក្រុមហ៊ុនអាកាសចរណ៍មួយណាល្អ ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន។ តាមរយៈប្រព័ន្ធ Travelport ភ្ញៀវទេសចរក៏អាចកក់ទាំងសណ្ឋាគារ និងរថយន្ដនៅទូទាំងពិភពលោកផងដែរ៕