(តាកែវ)៖​ សមាគមយុវជននៃស្នាមញញឹមកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីមនុស្សធម៌ ក្រោមប្រធានបទរួមគ្នាសាងអំពើល្អ ដើម្បីស្នាមញញឹម សង្គមជាតិយើង នៅសាលាធម្មសភាវត្តសន្លុង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគម អាជ្ញាធរដែនដីឃុំសន្លុង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យសុខអានសន្លុងសរុបចំនួន ៧៩០នាក់។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី ធី ចរិយា ទីប្រឹក្សាជាន់ខ្ពស់សមាគមតំណាង ប្រធានក្រុមប្រឹក្សាភិបាល លោក ឈឹម ធី ទីប្រឹក្សាសមាគម និងលោក ឈិន ញឹម ប្រធានសមាគម មានគោលបំណងផ្តល់ក្តីស្រឡាញ់ ស្នាមញញឹម និងជំរុញលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានល្អនៅក្នុងសង្គមពិសេសការចូលរួមសាងអំពើល្អនៅក្នុងសង្គម ។

ក្នុងនោះដែរលោក ឈឹម ធី បានផ្សព្វផ្សាយអំពី៖

* ១៖ គុណតម្លៃនៃសន្ដិភាព
* ២៖ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។និងសារៈសំខាន់របស់គម្រោងនេះ
* ៣៖ បង្ហាញអំពីតួអង្គសំខាន់ៗទាំង៥ដែលប្អូនៗអាចទទួលបានលទ្ធផលប្រសើរក្នុងការសិក្សា
* ៤៖ ភារកិច្ចរបស់យុវជនជំនាន់នីមួយៗ។
* ៥៖ បញ្ហាគ្រឿងញៀន
* ៦៖ ចូលរួមគោរពច្បាប់ចរាចរណ៍។

ជាចុងក្រោយលោក ឈឹម ធី ក៏បានផ្ដល់ចំណុចដែលយុវជនត្រូវឈរលើដូចខាងក្រោម៖

* ១៖ ដើម្បីខ្លួនឯង​ គឺយុវជន​ ត្រូវខិតខំរៀនសូត្រ​ អភិវឌ្ឍសមត្ថភាព​ បទពិសោធន៍​ ចំណេះដឹង ជំនាញ​ និងមានការងារប្រាក់ចំណូល​ សម្រាប់ទ្រទ្រង់ជីវភាពខ្លួនឯង​។
* ២៖ ដើម្បីគ្រួសារ គឺត្រូវចេះស្រឡាញ់ក្រុមគ្រួសារ​ មនុស្សជុំវិញខ្លួន​ សាមគ្គីភាព​ ថែរក្សាគ្នា​ និងស្មោះត្រង់។
* ៣៖ ដើម្បីសង្គមជាតិ គឺចេះថែរក្សាសុខភាព​ បរិច្ចាករបស់ទៅកាន់អ្នកខ្វះខាត​ ជួយដល់ការងារសង្គម មនុស្សធម៌ និងហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត​ ជូនជាតិមាតុភូមិ៕