(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គសិក្សាពិសេសអំពី «របៀបសរសេរសេចក្តីប្រកាសព័ត៌មានសម្រាប់ក្រុមហ៊ុនឯកជន» ជំនាន់ទី២។

វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយ លោក អាន ស៊ីថាវ អ្នកជំនាញ និងជាអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ដែលមានរយៈពេល៦សប្តាហ៍កន្លងមក។ រាល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា បានបង្ហាញទឹកមុខពោរពេញដោយស្នាមញញឹម និងមានទំនុកចិត្ត ក្រោយទទួលបានការបណ្ដុះបណ្ដាលនៅ FTC។ វគ្គសិក្សានេះ មានការចូលរួមសិក្សាពីសិក្ខាកាមជាអ្នកសារព័ត៌មាន មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន សមាគមជនពិការ អ្នកសារព័ត៌មាន អាជីវករ ក៏ដូចជាសិស្ស-និស្សិតផងដែរ។

នាឱកាសនេះដែរ លោក អាន ស៊ីថាវ បានអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់យើង តាំងពីដើមរហូតបញ្ចប់វគ្គសិក្សា និងទទួលវិញ្ញាបនបត្រ នាពេលនេះ។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងអំពី «របៀបសរសេរសេចក្តីប្រកាសព័ត៌មានសម្រាប់ក្រុមហ៊ុនឯកជន» នេះ ទៅប្រើប្រាស់តាមតម្រូវការ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ក្រៅពីការសិក្សាពិសេសអំពី «ការសរសេរសេចក្តីប្រកាសព័ត៌មានសម្រាប់ក្រុមហ៊ុនឯកជន» នៅពេលនេះ FTC កំពុងតែទទួលចុះឈ្មោះចូលរៀនវគ្គ «ជំនាញថតរូប ក្នុងវិជ្ជាជីវៈអ្នកសារព័ត៌មាន» ថែមទៀត ហើយថ្នាក់សិក្សាថ្មីនេះ នឹងចូលរៀននៅដើមខែកក្កដាខាងមុខ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំ មកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕