(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយជំនួយស្មារតី ស្តីពីការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត របស់ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅនៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំនោះមានការចូលរួមពីសំណាក់ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ និងថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ថ្នាក់ ក្រុង-ស្រុក និងឃុំ-សង្កាត់ សរុប ៧៤៧នាក់។

កិច្ចប្រជុំមានគោលបំណងតាមដានវឌ្ឍនភាព និងវាយតម្លៃសភាពការណ៍នយោបាយ ក្រោយការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌកន្លងទៅ និងដាក់ទិសដៅឆ្ពោះទៅការបោះឆ្នោតនាពេលខាងមុខ។ មានមតិដឹកនាំក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់ការត្រៀមលក្ខណៈពីចម្ងាយ ដើម្បីអនុញ្ញាតឱ្យក្រុមការងារទាំងអស់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់សេចក្តីណែនាំទាំងឡាយរបស់គណបក្សសំដៅធានាប្រៀបឈ្នះ និងជ័យជម្នះជូនគណបក្សនៅរាល់ការបោះឆ្នោតទាំងអស់។

នាឱកាសនោះផងដែរ កិច្ចប្រជុំក៏បានទទួលបានការចូលរួមចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមពីក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលជាធាតុចូលបន្ថែមដល់ការរៀបចំផែនការការងារឆ្ពោះទៅកាន់ការបោះឆ្នោតសម្រាប់ខេត្តកំពង់ស្ពឺ៕