(ព្រៃវែង)៖ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា មានប្រជាពលរដ្ឋ ៩០០នាក់ រស់នៅស្រុកពាមជរ ខេត្តព្រៃវែង បានបញ្ជាក់ប្រាប់កញ្ញាថា ពួកគាត់ ឈឺចាប់ណាស់ តំលៃស្រូវធ្លាក់ថោក ដោយសារតែលោក សម រង្សី ប្រធានគណបក្សសង្រ្គោះជាតិ ស្នើសុំសហភាពអឺរ៉ុបបិទទំនិញពីកម្ពុជា។ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់បែបនេះ ខណៈកញ្ញាបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ៩០០នាក់ នៅស្រុកពាមជរ ខេត្តព្រៃវែង នៅក្នុងវេទិកាសាធារណៈ ដែលរៀបចំធ្វើ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។
Facebook Page ផ្លូវការរបស់កញ្ញា ធី សុវណ្ណថា បានឲ្យដឹងថា «ព្រឹកនេះ វេទិកា(ទី៣៦) ស្រុកពាមជរ ខេត្តព្រៃវៃង ពលរដ្ឋ៩០០នាក់ ពលរដ្ឋថាៈ ឈឺចាប់ណាស់ តំលៃស្រូវធ្លាក់ថោក ព្រោះលោក សម រង្សី ស្នើសុំសហភាពអឺរ៉ុបបិទទំនិញពីកម្ពុជា»។
គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សព្វផ្សាយយ៉ាងព្រោងព្រាក ថាលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានស្នើសុំសហភាពអឺរ៉ុបបិទទំនិញពីកម្ពុជា។ ព័ត៌មាននេះ ត្រូវបាន សាធារណជនស្ទើទូទាងប្រទេសកម្ពុជា បានរិះគន់លើមេដឹកនាំរូបនេះឡើងចាស់ដៃ។
ប៉ុន្មានថ្ងៃចុងក្រោយ បញ្ហានៃកាចុះថ្លៃស្រូវនៅកម្ពុជា ក៏បានក្លាយជាប្រធានបទក្តៅ សម្រាប់រាជរដ្ឋាភិបាល ប៉ុន្តែកិច្ចការនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទោះបីជាមាញឹកក៏បានចេញមុខ ដោះស្រាយភ្លាមៗផងដែរ កាលពីម្សិលមិញរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា បានចូលរួមដោះស្រាយ លើករណីនេះ ដោយបបានដាក់ឲ្យអនុវត្តនូវ «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» ក្នុងគោលដៅរក្សាស្ថេរភាពតម្លៃស្រូវ និងជំរុញការទិញស្រូវក្នុងប្រទេស ដោយបញ្ចេញនូវថវិកាចំនួន ២៧លានដុល្លារអាមេរិក ក្នុងនោះមានប្រាក់បំរុង របស់រាជរដ្ឋាភិបាល ចំនួន ២០លានដុល្លារ និងប្រើប្រាស់ទុនរបស់ធនាគារ អភិវឌ្ឍន៍ជនបទ (RDB) ចំនួន ៧លានដុល្លារ ជាឥណទានកាតាលិករ ជួយជំរុញស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករ អនុវត្តគម្រោងនេះដោយផ្ទាល់។ ដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ ទទួលបានការសាទរ ពីសំណាក់កសិករនៅកម្ពុជាផងដែរ៕