(ភ្នំពេញ)៖ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងមន្ត្រីខណ្ឌ-សង្កាត់-ភូមិក្រោមឱវាទ កងកម្លាំង កម្មករស៊ីនទ្រី និងបុគ្គលិកក្រុមហ៊ុនយ៉ាងច្រើនកុះករ បាននាំគ្នាដើរតាមដងផ្លូវរើស និងប្រមូលរាល់កាកសំណល់សំរាមផ្សេងៗ ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថានក្នុងការលើកកម្ពស់សោភ័ណ្ឌភាពឲ្យល្អប្រសើរបន្ថែមទៀត នៅតាមបណ្តោយផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) រាជធានីភ្នំពេញ។

លោក សេង គន្ធ បានលើកឡើងថា ដើម្បីចូលរួមអបអរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំលេខ០០៨/២៤សណន.ស ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការចាត់តាំងអនុវត្តទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ដល់រដ្ឋបាលខណ្ឌ សង្កាត់ វិស័យឯកជនគ្រឹះស្ថានសាធារណៈ អង្គការសង្គម ស៊ីវិល ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សកម្មភាពសម្អាតបរិស្ថាននេះ គឺដើម្បីសោភ័ណភាពទីក្រុង និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមចំណែកថែរក្សា ការពារ ធ្វើឱ្យបរិស្ថានស្អាត មានសុខុមាលភាពសាធារណៈ ក៏មានការចូលរួមពីក្រុមហ៊ុន កូហ្សេតែល (អនឡាញ) និងអុិនធឺណិត ហូម រួមសហការជាមួយក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបមុិន ឯ.ក, ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក, បុរីមានជ័យ រ៉េស៊ីដិនស៍, ផ្សារមានជ័យ អាវឺន្យូ និងមានការគាំទ្រជ្រោមជ្រែងចូលរួមពីសំណាក់អាជ្ញាធរខណ្ឌមានជ័យ ខណ្ឌដង្កោ នគរបាលកងរាជអាវុធហត្ថ មន្ត្រីការិយាល័យ ព្រះសង្ឃ ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) យុវជន/យុវតីកាយរិទ្ធ និងកាកបាទក្រហមកម្ពុជា រួមទាំងមានការចូលរួមពីក្រុមការងាររបស់សមាគមសិល្បៈករខ្មែរ ជាច្រើនកុះករ នឹងរៀបចំយុទ្ធនាការសម្អាតទីក្រុង ក្រោមប្រធានបទ៖ «បរិស្ថានស្អាត ចាប់ផ្តើមពីយើងទាំងអស់គ្នា»។

យុទ្ធនាការដែលមានអ្នកចូលរួមប្រមាណ៦០០នាក់នេះ នឹងចូលរួមសម្អាតតាមដងមហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ចាប់ពីបុរីមានជ័យ រ៉េស៊ីដិនស៍ រហូតដល់ផ្សារមានជ័យ អាវឺន្យូ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក សេង គន្ធ បានឲ្យដឹងថា ការរៀបចំ និងការចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា ដ៏មានសារៈសំខាន់នេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែកក្នុងបុព្វហេតុ បរិស្ថាន។ ជាមួយគ្នានេះ លោកមានសង្ឃឹមនិងជឿជាក់ថា ការប្រារព្ធទិវានាថ្ងៃនេះ នឹងក្លាយជាចលករ ដែលជំរុញឲ្យមានការផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថាន រួមចំណែកឱ្យភពផែនដីយើងស្អាត បៃតង និងស្រស់បំព្រង ប្រកបដោយសុខភាព និងសុខុមាលភាពសម្រាប់មនុស្សគ្រប់រូប។

លោកអភិបាលខណ្ឌបានគូសបញ្ជាក់ថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន រួមមាន៖
បង្កើនការយល់ដឹងដល់សាធារណៈជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឲ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងអភិវឌ្ឍមេត្រីបរិស្ថាន។ ផ្សព្វផ្សាយដល់ប្រជាជនសហគមន៍ពីសារៈសំខាន់របស់ពួកគាត់ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្តូរភាពអវិជ្ជមានចំពោះបញ្ហាបរិស្ថាន។ លើកទឹកចិត្តដល់វិស័យឯកជនចូលរួមថែរក្សាបរិស្ថាន ទទួលបានការគាំទ្រជាសកលដើម្បីធ្វើព្រឹត្តការណ៍នេះក្លាយជាយុទ្ធនាការមួយ ដែលទទួលបានជោគជ័យនៅទូទាំងពិភពលោក។ ជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិវេណនៅក្បែរលំនៅដ្ឋានរបស់ពួកគាត់ ដែលជាការចាប់ផ្តើមយុទ្ធនាការនេះ ធ្វើឱ្យភពផែនដីស្អាត មានពណ៌បៃតងជាងមុន និងបរិយាកាសស្អាត។

ជាមួយគ្នានេះ លោក កែន ផាន អនុប្រធានមន្ទីរបរិស្ថានរាជធានី ក៏ផ្សព្វផ្សាយពាក្យស្លោកសម្រាប់ប្រើប្រាស់ និងស្រែកក្នុងថ្ងៃប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា) ផងដែរ៖ អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា កម្ពុជាស្អាត ខ្មែរធ្វើបាន ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា លាហើយថង់ប្លាស្ទិក ៕