Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ ភូមិភាគឦសាន្ត ដែលជាសមរភូមិប្រយុទ្ធពីអតីតកាល កំពុងក្លាយជាតំបន់អភិវឌ្ឍហើយ

17-09-2016 14:38

(ភ្នំពេញ)៖ ក្រោយពីការធ្វើដំណើរត្រួតពិនិត្យ នៅតំបន់ភាគឦសាន្តកម្ពុជា ប៉ុន្មានថ្ងៃមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសន្និដ្ឋានថា តំបន់សមរភូមិប្រយុទ្ធពីអតីកាលនោះ ពេលនេះបានកំពុងក្លាយ ជាតំបន់អភិវឌ្ឍហើយ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានចុះត្រួតពិនិត្យ និងសំណេះសំណាល នៅខេត្តមួយចំនួន ភាគឦសាន្តប្រទេសកម្ពុជា ក្នុងនោះសម្តេចបានចុះទៅកាន់ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងកាត់តាមកំពង់ធំថែមទៀត។

នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «សរុបដំណើរលើកនេះ ខ្ញុំបានធ្វើដំណើរលើចម្ងាយផ្លូវជាង ១២៥០គីឡូម៉ែត្រ ដែលជាផ្លូវកសាងឡើង ក្រោមនយោបាយ កសាងហេដ្ឋាសម្ព័ន្ធ ផ្លូវស្ពានដើម្បីការអភិវឌ្ឍ និងកាត់បន្ថយ ភាពក្រីក្រព្រមទាំងការលំបាករបស់ប្រជាជន។ សន្តិភាពដែលចេញពីនយោបាយឈ្នះ ឈ្នះបានផ្តល់ឱកាសឲ្យជាតិ និងប្រជាជនអភិវឌ្ឍន៍គ្រប់ទីកន្លែង។ ចម្ងាយផ្លូវជាង១២៥០គីឡូម៉ែត្រ ដែលខ្ញុំនិងសហការី ធ្វើដំណើរស្ទើ៤ភាគ៥នៃតំបន់ដែលជាសមរភូមិប្រយុទ្ធពីអតីកាល តែពេលនេះតំបន់ទាំងនោះបាន និងកំពុងក្លាយជាតំបន់អភិវឌ្ឍហើយ»

សូមបញ្ជាក់ថា អំឡុងពេល២ខែនេះ សម្តេចតេជោ ហ៊ុន សែន បានបើកយុទ្ធនាការចុះពិនិត្យសមិទ្ធផលពាក់កណ្តាលអាណត្តិ និងសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា។ ប្រជាពលរដ្ឋជាច្រើន បានសម្តែងការសាទរ និង គាំទ្រចំពោះយុទ្ធនាការនេះ៕