(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដាក់ចេញបទបញ្ជា ក៏ដូចជាការក្រើនរំលឹក និងជម្រុញដល់មន្ត្រីឲ្យយកចិត្តទុកដាក់ ធ្វើយ៉ាងណាត្រូវទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា ហើយព្យាយាមកុំឲ្យកើតមានឡើងក្នុងមូលដ្ឋាន ទាំងបញ្ហាគ្រឿងញៀន និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ថេង សុថុល បានដាក់ចេញបទបញ្ជាយ៉ាងដូចច្នេះ ក្នុងឱកាសលោកអញ្ជើញដឹកនាំកិច្ចកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ, យោធាភូមិភាគពិសេសខណ្ឌ, ចៅសង្កាត់, មេភូមិ, និងមន្ដ្រីពាក់ព័ន្ធខណ្ឌ-សង្កាត់មួយចំនួនទៀតផងដែរ ស្ថិតនៅសាលប្រជុំសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

លោក ថេង សុថុល នៅក្នុងការដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនេះដែរ បានសង្កត់ធ្ងន់ដល់មន្ត្រីឲ្យបង្កើនការយកចិត្តទុកដាក់ចំពោះការការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីសេចក្ដីសុខ សម្រាប់ប្រជាពលរដ្ឋ និងសំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា៕