(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានវត្តមានចូលរួមពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យក្រុមក្មេងទំនើង៣ក្រុមសរុប១៧នាក់ ដែលបានប្រើហិង្សាលើគ្នា មុនបញ្ជូនទៅកាន់តុលាការ។

ក្រុមក្មេងទំនើងទាំងនេះ បានធ្វើសកម្មភាពប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នាក្នុងខណ្ឌពោធិ៍សែនជ័យ០១ករណី ប្រព្រឹត្តហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឃាត់០៦នាក់ និងនៅខណ្ឌកំបូល០២ករណីសរុប១១នាក់ ប្រព្រឹត្តកាន់កាប់អាវុធគ្មានការអនុញ្ញាតខុសច្បាប់នៅសង្កាត់កំបូល ដែលមានរហស្សនាមក្រុម TT smal (តាំងតោតូច)និង ក្រុមរហស្សនាម BT Zin (លេងគ្រប់ស៊េរី) ដកហូតដាវសាំម៉ូរៃកាំបិតកែច្នៃ០៦ដើម និងបទល្មើស០១ករណីទៀតប្រព្រឹត្តហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យកដុំថ្មគប់រថយន្តប្រជាពលរដ្ឋបណ្តាលឲ្យបែកកញ្ចក់ខាងមុខឃាត់ចំនួន០២នាក់ នៅសង្កាត់បឹងធំ ខណ្ឌកំបូល។

ជនសង្ស័យជាក្មេងទំនើងខាងលើ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕