(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យចូលរួមទាញយក និងប្រើប្រាស់ឱ្យបានទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការទាញយកកម្មវិធីទូរស័ព្ទនេះ ដើម្បីទទួលបានការអប់រំ ខ្លឹមសារមេរៀន ព័ត៌មាន សេវាព្យាបាល និងស្តារនីតិសម្បទា និងធ្វើការរាយការណ៍មកសមត្ថកិច្ចក្នុងករណីមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀនក្នុងសហគមន៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា «ចូលរួមទាញយក និងប្រើប្រាស់ឱ្យបានទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានការអប់រំ ខ្លឹមសារមេរៀន ព័ត៌មាន សេវាព្យាបាល និងស្តារនីតិសម្បទា និងធ្វើការរាយការណ៍មកសមត្ថកិច្ចក្នុងករណីមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀនក្នុងសហគមន៍»។

បន្ថែមពីនេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក វិស័យឯកជន និងសាធារណជនទូទៅ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយ «ត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន»៕