(ព្រះវិហារ)៖ ប្រជាពលរដ្ឋប្រមាណ៥០នាក់ រស់នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានចេញធ្វើការជំទាស់ ជាមួយអាជ្ញាធរស្រុកត្បែងមានជ័យ ដែលបានដាក់គ្រឿងចក្រធ្វើការឈូសឆាយសម្អាតដីបម្រុងទុកជាទីលានចាក់សំរាម ដោយពួកគាត់យល់ឃើញថា បើចាក់សំរាមនៅទីនេះ ខ្លាចប៉ះពាល់ដល់ប្រភពទឹកក្នុងដី និងជះក្លិនស្អុយដល់លំនៅដ្ឋានប្រជាពលរដ្ឋ។

ក្រោយមានការជំទាស់តវ៉ាពីប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បានបើកកិច្ចប្រជុំពិភាក្សា និងរកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ប្រមាណ១០០នាក់ ក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ដោយលោកបានធ្វើការពន្យល់ បកស្រាយ លើបញ្ហាការងារចុះសម្អាតដីបម្រុងទុកទីលានចាក់សំរាម ដែលបានកាយព្រំកំណត់រួចហើយ មានទំហំប្រមាណ២០ហិតតា ស្ថិតនៅក្នងដែនជម្រកសត្វព្រៃព្រះរការ-ឆែប ស្ថិតក្នុងភូមិសាស្ត្រភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក ក៏បានរៀបរាប់អំពីសាវតារដីបម្រុងទុកជាទីលានចាក់សំរាម ព្រមទាំងជម្រាបជូនប្រជាពលរដ្ឋអំពីដំណាក់កាល នៃដំណើរការការងារកំណត់ព្រំទីតាំងដីបម្រុងទុកទីលានចាក់សំរាម ជូនប្រជាពលរដ្ឋបានដឹង និងពន្យល់ការងារលម្អិតជូនគាត់ថែមទៀត ពិសេសលោកប្តេជ្ញាការពារដីនេះមិនឲ្យបាត់បង់ឡើយ សម្រាប់ទុកជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា យោងតាមលិខិតលេខ០២៨២/២១ ប.ស្ថ.ពហ ស្តីពីសំណើរសុំទិន្នន័យពត៌មានទីតាំងដែលកំណត់យកទីតាំងធ្វើជាទីលានចាក់សំរាមសំណល់រឹង-សំណល់រាវ ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ កិច្ចប្រជុំពិភាក្សារវាងមន្ទីរបរិស្ថានខេត្ត ការិយាល័យដែនជម្រកសត្វព្រៃព្រះរការ-ឆែប រដ្ឋបាលឃុំ និងរដ្ឋបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

បន្ទាប់ពីបានស្តាប់ការពន្យល់បកស្រាយលម្អិតពីលោកអភិបាលស្រុកត្បែងមានជ័យ ក៏ដូចជាការរៀបរាប់ពីដំណាក់កាលនៃការកំណត់ព្រំទីតាំងដីខាងលើនេះហើយ ប្រជាពលរដ្ឋទាំង១០នាក់ តំណាងប្រជាពលរដ្ឋប្រមាណ១០០នាក់ បានយល់ព្រម និងឯកភាព តាមគោលការណ៍ដឹកនាំរបស់រដ្ឋបាលស្រុក។ ក្នុងនោះផងដែរ រដ្ឋបាលស្រុកបានយកនូវក្តីបារម្ភ អំពីបញ្ហាបរិស្ថានរស់នៅ(ប្រភពទឹកក្រោមដី និងការសាយភាយក្លិនស្អុយ) យកមកពិចារណា ដោយប្តេជ្ញាធ្វើការកសាងមិនឲ្យមានការប៉ះពាល់នោះទេ៕