(ត្បូងឃ្មុំ)៖ ដោយមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់ លោក ជា សុផារ៉ា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ក្រុមគ្រូពេទ្យ នៃអង្គការបេះដូងជប៉ុន សហការជាមួយ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានធ្វើការពិនិត្យ វះកាត់ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានរយៈពេល៣ថ្ងៃ ទទួលបានអ្នកជំងឺសរុបប្រមាណជិត២០០នាក់។

លោកវេជ្ជបណ្ឌិត ហួត គា ប្រធានការិយាល័យប្រតិបត្តិស្រុកក្រូចឆ្មារ បានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ មានអ្នកជំងឺមកទទួលសេវា ពិនិត្យ វះកាត់ និងព្យាបាលជំងឺ ដោយក្រុមគ្រូពេទ្យនៃអង្គការបេះដូងជប៉ុន មានចំនួន១៥៦នាក់ វះកាត់ចំនួន២៤នាក់ ស្រី៩នាក់។

លោកវេជ្ជបណ្ឌិត បន្តថា ភាគច្រើនអ្នកជំងឺ ដែលមកទទួលយកសេវានេះ ភាគច្រើនគឺទៅលើជំងឺ ដុំដោះ រលាកខ្នែងពោះវៀន ក្លនលូន ទឹកដក់ក្នុងពងស្វាស ឬសដូងបាត និងដុំគីសផ្សេងៗ ហើយការពិនិត្យ វះកាត់ព្យាបាលនេះ គឺដោយមិនគិតថ្លៃឡើយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់លោក ជាសុផារ៉ា និងលោកស្រី មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ ទទួលអាគារមន្ទីរពេទ្យថ្មីៗចំនួន ២ខ្នង រួមទាំងបរិក្ខាវេជ្ជសាស្រ្តទំនើបៗ។

សូមជម្រាបថា នេះជាលើកទី៥ហើយ ដែលក្រុមគ្រូពេទ្យ នៃអង្គការបេះដូងជប៉ុន បានមកពិនិត្យ វះកាត់ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងជុំវិញស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ខណៈការពិនិត្យ និងព្យាបាលជំងឺនេះ គឺបំពាក់ដោយបរិក្ខាទំនើបៗ និងក្រុមគ្រូពេទ្យជំនាញៗ ពីសំពាក់ក្រុមគ្រូពេទ្យ នៃអង្គការបេះដូងជប៉ុន ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ល្អៗ បន្ថែមទៀតផងដែរ៕