(ឥណ្ឌូនេស៉ី)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Nobuhiro Aizawa ព្រឹទ្ធបុរសមហាវិទ្យាល័យរដ្ឋាភិបាល របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានស្វាគមន៍ចំពោះការបង្កើតមហាវិទ្យាល័យរដ្ឋាភិបាលនេះ ដែលសំដៅបង្កើតវេទិកាបញ្ញវន្តសម្រាប់ការរៀនសូត្រថ្នាក់តំបន់ ព្រមទាំងបង្កើតមជ្ឈមណ្ឌល សម្រាប់បណ្តាញសហគមន៍គោលនយោបាយសាធារណៈនៅក្នុងតំបន់ផងដែរ។

ក្រោយមកលោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ China Media Group របស់ប្រទេសចិន។ លោកបានជម្រាបជូនអំពីគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ដែលសំដៅពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់។ លោកបានពន្យល់អំពីទំនាក់ទំនងដែលមានជាយូរមកហើយរវាងអាស៊ាន និងចិន ដែលគ្របដណ្តប់វិស័យកិច្ចសហប្រតិបត្តិការជាច្រើន។

បន្ថែមពីនេះ លោកអគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោក Sihasak Phuangketkeow អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកតំបន់អាស៊ី នៃក្រុមហ៊ុន SICPA ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានរវាងអាស៊ាន និងក្រុមហ៊ុន SICPA ពាក់ព័ន្ធនឹងសន្តិសុខហិរញ្ញវត្ថុ។

លោកបានបន្ដជួបពិភាក្សាការងារជាមួយលោក Viengthavisone Thephachanh ប្រធានអង្គភាពសវនកម្មរដ្ឋរបស់ប្រទេសឡាវ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃតួនាទីរបស់គណៈកម្មាធិការសវនកម្មអាស៊ាន (AAC) ក្នុងការពង្រឹងដំណើរការអភិបាលកិច្ច នៅលេខាធិការដ្ឋានអាស៊ាន តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំ។ ភាគីទាំងពីរក៏បានពិភាក្សាលើលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំគណៈកម្មាធិការសវនកម្មអាស៊ានលើកទី ៤៩ ព្រមទាំង តម្រូវការរាយការណ៍ប្រកបដោយនិរន្តភាព ដោយផ្អែកលើស្តង់ដារគណនេយ្យវិស័យសាធារណៈអន្តរជាតិ (IPSAS)។

លុះនៅល្ងាចថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយការងាររៀបចំដោយលោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិនិត្យមើលឡើងវិញ និងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-ចិន ហើយបានពិភាក្សាអំពីសមិទ្ធផលដែលអាចសម្រេចបាន សម្រាប់សកម្មភាពរួមគ្នា រវាងអាស៊ាន និងចិន នៅឆ្នាំនេះ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន កាន់តែមានអត្ថន័យ៕