(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលបាននាំយកថវិកាសរុបចំនួន ១,៥៥៥,៥៥៥ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សមាគមឧកញ៉ា ក៏បានសូមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជូននូវ «ពានមាសឧកញ៉ា» របស់សមាគមឧកញ៉ាកម្ពុជា ដែលជាពានដ៏វិចិត្រ និងមានអត្ថន័យធំធេង សម្រាប់សមាគមឧកញ៉ា ដើម្បីជាការដឹងគុណ ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការលះបង់ សព្វបែបយ៉ាង ក្នុងបុព្វហេតុមនុស្សធម៌ សុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ពិធីសំណេះសំណាល និងទទួលថវិកាចំនួន ១,៥៥៥,៥៥៥ដុល្លារ ពីសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសអបអរខួប ៨ ឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា៕