(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពី «ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម» ជូនដល់និស្សិត និងសិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់៦ សរុប៥៦៨នាក់ ដើម្បីចែករំលែកបទពិសោធន៍ការងារជាក់ស្តែងនៃការដឹកនាំកងកម្លាំងថែរក្សាសន្តិសុខសណ្តាប់សុវត្ថិភាពសង្គម។

កិច្ចការងារប្រតិបត្តិការការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យមានប្រសិទ្ធភាព ត្រូវរៀបចំចាំបាច់មានគោលការណ៍៥ចំណុចរួមមាន៖ ១៖រៀបចំផែនការសកម្មភាព, ២៖ចាត់តាំងអនុវត្ត, ៣៖ឆន្ទៈអនុវត្ត, ៤៖ភាពស្មោះត្រង់ និង៥៖វិជ្ជាជីវៈ។

ជាងនេះថែមទៀត លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា ត្រូវគ្រប់គ្រងកម្លាំងឲ្យបានម៉ឺងម៉ាត់ ក្តាប់សភាពការណ៍ទូទៅឲ្យបានច្បាស់លាស់ បែងចែកភូមិសាស្រ្តទទួលខុសត្រូវ បញ្ចេញកម្លាំងអនុវត្ត ជាមួយការប្រើប្រាស់វិធានការជំនាញ និងមានការដឹកនាំប្រតិបត្តិការឲ្យបានច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព។

នាឱកាសនោះ លោកស្នងការក៏បានឧបត្ថម្ភថវិកាចំនួន៤លានរៀល ក្នុងនោះជូនសិក្ខាកាមនគរបាល២លានរៀល និងជូនគណៈគ្រប់គ្រងសាលា២លានរៀល៕