(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃសុក្រ ទី២១ ខែ មិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាឆ្នាំ២០២៣-២០២៧ លើកទី២ ដែលមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សមាគមនិយោជក និងភាគីរបស់អង្គការអន្តរជាតិខាងការងារ(ILO)។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)ដែលបានដើរតួនាទីបំពេញបន្ថែមយ៉ាងសំខាន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងបង្កើននូវអត្រាអនុលោមភាពការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាក្នុងរយៈពេលជាង២ទស្សវត្សកន្លងមកនេះ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ដែលតែងតែចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគម្រោងILO-BFCតាំងងពីដើមរហូតដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យអំពីវឌ្ឍនភាព និងប្រសិទ្ធភាពការងារនៃការអនុវត្តគម្រោង ILO-BFC នៅកម្ពុជាដើម្បីបន្តជំរុញ និងលើកកម្ពស់អនុលោមភាពក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាឱ្យកាន់តែប្រើសើរឡើងជាលំដាប់បន្ថែមទៀតដែលជាបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា៕