(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Valery D.Zorkin ប្រធានតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទអន្តរជាតិនៃតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ «ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព» ដែលនឹងប្រព្រឹត្តទៅ នាទីក្រុង St. Petersburg ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅក្នុងសន្និសីទអន្តរជាតិខាងលើនេះ លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន នឹងថ្លែងបទអន្តរាគមន៍ពិសេសចែករំលែកអំពីសមត្ថកិច្ច និងពិសោធន៍របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិ និងសេរីភាពររបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងក្របខណ្ឌនៃ ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់។

សូមបញ្ជាក់ជូនផងដែរថា សន្និសីទអន្តរជាតិប្រចាំឆ្នាំរបស់តុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី ត្រូវបានចាត់ទុកជាវេទិកាមួយដ៏មានសារសំខាន់ ក្នុងការជំរុញឱ្យមាននូវកិច្ចពិភាក្សាចម្រុះទាក់ទងនឹងរដ្ឋធម្មនុញ្ញ ជាពិសេសយន្តការនៃការការពារសិទ្ធិ និងសេរីភាព ស្របតាមរដ្ឋធម្មនុញ្ញជាធរមានរបស់ ប្រទេសនីមួយៗ ហើយសន្និសីទអន្តរជាតិនេះ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅខែមិថុនា នាទីក្រុង St. Petersburg នៃសហព័ន្ធរុស្ស៊ី៕