(សៀមរាប)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរពីយូរមកហើយត្រូវបានទទួលការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់ ដែលមានសុពលភាព០១ឆ្នាំ និងការងារជួសជុលតូចតាច(ដោយក្រុមការងារសហគមន៍)មានសុពលភាពរយះពេល ០៣ខែ។

រាល់សំណង់នានា ដែលនៅមានសុពលភាពត្រូវបាននាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់កម្រៃជាប្រចាំ រហូតសំណង់ទាំង នោះសង់រួចរាល់មួយរយភាគរយ។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី២ នៃខែមិថុនា ឆ្នាំ២០២៤ នេះ មន្ត្រី-បុគ្គលិកជំនាញ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេសនូវសំណង់ដែលបានការអនុញ្ញាត កន្លងមកចំនួន ៦០ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ចំនួន ១៥៤ករណី ដែលស្ថិតក្នុងភូមិសាស្ត្រ ដូចខាងក្រោម៖

១. ក្រុងសៀមរាបចំនួន ៦៤ករណី
២. ស្រុកប្រាសាទបាគងចំនួន ១១ករណី
៣. ស្រុកបន្ទាយស្រីចំនួន ៦៣ករណី
៤. ស្រុកពួកចំនួន ៤២ករណី
៥. ស្រុកអង្គរធំចំនួន ២៧ករណី
៦. ស្រុកស្វាយលើ ០៧ករណី

សូមបញ្ជាក់ជូនផងដែរថា ក្នុងចំណោម ២១៤ករណី មាន ១៥៣ករណី កំពុងតែសាងសង់ ជួសជុលត្រឹមត្រូវតាមការអនុញ្ញាត និងមាន ៦១ករណី មិនទាន់សាងសង់។
ក្រុមការងារបច្ចេកទេស និងបន្តតាមដានការសាងសង់ និងជួសជុលរហូតដល់ការ អនុញ្ញាតផុតសុពលភាព និងការសាងសង់រួចរាល់មួយរយភាគរយ៕