(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានផ្ដល់នូវគន្លឹះដល់និស្សិត ដែលបញ្ចប់ការសិក្សា មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីឲ្យពួកគេជ្រើសរើសជំនាញសិក្សា ឲ្យត្រូវនឹងតម្រូវការទីផ្សារការងារ ក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សា គឺរៀនជំនាញបច្ចេកទេស។
ការលើកឡើងរបស់រដ្ឋមន្រ្ដីនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ ស្ដីពី «ការតម្រង់ទិសលើមុខជំនាញថ្នាក់ ឧត្តមសិក្សាសម្រាប់សិស្សជាប់បាក់ឌុប» នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៦
ដោយមានការចូលរួម ពីសំណាក់អាណាព្យាលបាលសិស្ស និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។
លោក ហង់ ជួនណារ៉ុន បានថ្លែងថា «និស្សិតមិនគួរជ្រើសរើសជំនាញសិក្សា ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួននោះទេ គួរតែជ្រើសរើសនូវជំនាញណា ដែលទីផ្សារការងារត្រូវការ។
ជំនាញដែលទីផ្សារត្រូវការ គឺជាជំនាញបច្ចេកទេស ដូចជា ផ្នែកកុំព្យូរទ័រ វិស្វករ ជំនាញទាំងអស់នេះ គឺត្រូវនឹងតម្រូវការទីផ្សារ ហើយក៏នៅមានជំនាញមួយចំនួនទៀត ដែលមានតម្រូវការទីផ្សារដែរ
ប៉ុន្តែទាមទារឲ្យចេះឲ្យច្បាស់ ដើម្បីងាយស្រួលក្នុងការស្វែងរកការងារ»។
លោករដ្ឋមន្រ្ដីបានឲ្យដឹងថា «យុវជនមួយចំនួន ពេលដែលបញ្ចប់ការសិក្សាហើយ បែរជាគ្មានទីផ្សារសម្រាប់រកការងារធ្វើ ទាំងអស់នេះ គឺបណ្ដាលមកពីការមិនដឹងទីផ្សារ ពលកម្មនៅពេលដែលកំពុងរៀន ដូចច្នេះបានជាមានការធ្វើសិក្ខាសាលា នេះឡើង គឺដើម្បីប្រាប់ទៅដល់សិស្សានុសិស្សថា តើទីផ្សារពលកម្មត្រូវការជំនាញអ្វី? ១០ឆ្នាំទៅមុខទៀត គេត្រូវការជំនាញអ្វី? មួយទៀត គឺយើងត្រូវចេះធ្វើការជ្រើសរើស ជំនាញដែលទីផ្សារត្រូវការ»។
លោក ស៊ាង សុបញ្ញា ជានាយកវិទ្យាស្ថាន CAM-ASEAN បានថ្លែងឲ្យដឹងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើងគឺ ដើម្បីឲ្យរៀមច្បង ផ្ដល់នូវបទពិសោធន៍ មកចែករំលែកដល់ប្អូនៗ
ដែលទើបប្រឡងជាប់បាក់ឌុប ដែលមកពីបណ្ដាខេត្ត ដែលមិនទាន់បានដឹងថា រៀនជំនាញអ្វី សកលវិទ្យាល័យណាមួយ ដែលគួររៀនដើម្បីយល់ដឹង។
លោកបានបន្ដទៀតថា «សិក្ខាសាលានេះ មានសំរៈសំខាន់ណាស់ដល់ប្អូនៗ និស្សិត នេះគឺជាដំណាក់កាលរបបជីវិតមួយ របស់ពួកគេហើយការសម្រេចចិត្ត ជ្រើសរើសជំនាញណាមួយខុស
អាចបណ្ដាលឲ្យជីវិតរបស់ពួកគេ មានការប្រែប្រួលសម្រាប់សិក្ខាសាលាថ្ងៃនេះ អាចជាមូលដ្ឋានមូល សម្រាប់ប្អូនៗធ្វើការពិចារណា ដើម្បីស្វែងយល់ពីខ្លួនឯងថា ខ្លួនសក្ដានុពលអ្វី តើចង់ចាប់យកជំនាញអ្វី ទៅថ្ងៃអនាគត តើនៅថ្ងៃអនាគតជំនាញនោះ មានការប្រែប្រួលយ៉ាងដូចម្ដេចខ្លះ?»។
លោកក៏បានបន្ថែមទៀតថា «សម្រាប់សិស្សនិស្សិតមួយចំនួន ដែលជ្រើសរើសមុខជំនាញខុស គឺបណ្ដាលមកពី មិនបានទទួលព័ត៌មានជាក់លាក់ ក្នុងការចាប់យកជំនាញ
ជួនកាលគាត់អាចរើសយកជំនាញតាមមិត្តភក្ដិ គឺខ្លួនគាត់មិនបានសិក្សាស្វែងយល់ ពីសក្ដានុពលរបស់ខ្លួនគាត់ គឺភាពខ្លាំង និងភាពខ្សោយអ្វី ដែលសំខាន់ជាងនេះ ទៅទៀតគឺចង់ប្រាប់
គាត់ថា នៅពេលដែលសិក្សា គឺត្រូវខិតខំប្រឹងប្រែងសិក្សា និងចាប់ជំនាញឲ្យច្បាស់លាស់»៕