(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការជួយសង្គ្រោះគ្រោះអគ្គិភ័យលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្រេចឧបត្ថម្ភរថយន្តពន្លត់អគ្គីភ័យ០១គ្រឿង ផលិតនៅប្រទេសកូរ៉េ ប្រគល់ឲ្យទៅបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ក្នុងពិធីប្រគល់ និងទទួលដែលមានវត្តមានលោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងអមដោយបញ្ជាការរងចូលរួមផងដែរ។

លោក វ៉ី សំណាង បានថ្លែងថា ការប្រគល់រថយន្តពន្លត់អគ្គីភ័យនេះ ដោយពិនិត្យមើលឃើញថា កងរាជអាវុធហត្ថខេត្តនៅខ្វះខាតសម្ភារ ក្នុងនោះបញ្ហារថយន្តពន្លត់អគ្គីភ័យដែលជាតម្រូវការដ៏ចាំបាច់បំផុតមិនអាចខ្វះបាន។ ដោយកន្លងមកកម្លាំងកងរាជអាវុធហត្ថ បានចេញអន្តរាគមន៍ជួយពន្លត់អគ្គីភ័យជាញឹកញាប់ទាំងជិតទាំងឆ្ងាយ ហើយជាក់ស្តែងគឺរថយន្តមាននៅអង្គភាពស្រាប់ត្រឹម២គ្រឿង ដូច្នេះបន្ថែមឲ្យ០១ គ្រឿងទៀតងាយស្រួលក្នុងការចល័តយកទឹកជួយសង្គ្រោះដល់ពលរដ្ឋរងគ្រោះ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា កងកម្លាំងពេលទទួលបានរថយន្តនេះត្រូវចេះថែទាំទុកដាក់ឲ្យបានត្រឹមត្រូវ ឲ្យក្លាយទៅទ្រព្យសម្បត្តិអង្គភាពដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជួយដល់ពលរដ្ឋ ជាពិសេសមិនត្រូវរើសអើង ក្នុងការជួយសង្គ្រោះនោះទេ ត្រូវចាត់ទុកជនរងគ្រោះជាឪពុក ម្តាយ បងប្អូនយើងបង្កើតផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា តំណាងឲ្យនាយទហាន នាយទាហានរង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអភិបាលខេត្តកំពង់ស្ពឺ និងចងចាំនៅការដាស់តឿននិងបន្តខិតខំបម្រើដល់ប្រជាពលរដ្ឋ ហើយបានប្តេជ្ញាជួយសង្គ្រោះប្រជាពលរដ្ឋទូទៅឲ្យអស់ពីលទ្ធភាព៕