(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយលោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា តំណាងធនាគារអាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា។
លោករដ្ឋមន្ត្រីបានជម្រាបជូនលោក Jost Kadel ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន៥ទៀតរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការបាននិងកំពុងរួមចំណែកក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរនោះ បានកំណត់យកចក្ខុវិស័យ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨) គឺលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ធានាបានឱ្យគ្រួសារនៅជនបទមានប្រាក់ចំណូលដោយចីរភាព និងការរស់នៅប្រកបដោយសុខុមាលភាព ព្រមទាំងមានការអប់រំសីលធម៌ល្អ។ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍នៅជនបទ តាមរយៈការកែប្រែ ឥរិយាបថល្អ រស់នៅដោយមានអនាម័យល្អ និងសុខភាពល្អ ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋានដើម្បីបង្កើតការងារនិងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅជនបទ និងទី៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្ត្រីក៏បានលើឡើងអំពីបញ្ហាជារួមនៅតំបន់ជនបទ រួមមាន៖ ទិដ្ឋភាពសេដ្ឋកិច្ច ទិដ្ឋភាពសង្គម បញ្ហាបរិមាណ ការគ្រប់គ្រង និងគុណភាពផ្លូវនៅកម្រិត។ ជាងនេះទៅទៀត លោករដ្ឋមន្រី្តក៏បានបន្តលើកឡើងអំពីបញ្ហាប្រឈមដែលក្រសួងកំពុងជួបប្រទះ ដូចជា បញ្ហាថវិកាសម្រាប់ការអភិវឌ្ឍនៅមានកម្រិតដែលមិនឆ្លើយតបនិងមហិច្ឆតារបស់ក្រសួងនាពេលបច្ចុប្បន្ន កង្វះការចូលរួមថែរក្សាសមិទ្ធផល ឱ្យមានភាពគង់វង្ស និងមានចីរភាព កង្វះធនធានមនុស្សដែលទទួលការត្រួតពិនិត្យគុណភាព និងសេវាបច្ចេកទេស កង្វះបទដ្ឋានគតិយុត្ត និងភាពខ្សត់ខ្សោយនៃវត្ថុធាតុដើម។ល។
លោករដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅចំពោះមុខថា ក្រសួងនិងខិតខំក្នុងការលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទឱ្យក្លាយជាផ្លូវដែលអាចធន់និងការប្រែប្រួលអាកាសធាតុ (ផ្លូលក្រាលកៅស៊ូ និងបេតុង) ហើយធ្វើយ៉ាងណាក្នុងឆ្នាំ២០៣០ ជំរុញឱ្យបាន៧៥% នៃភូមិនៅជនបទមានផ្លូវធន់នឹងបម្រែបម្រួលអាកាសធាតុតភ្ជាប់។ ក្រសួងនឹងបង្កើនការងារថែទាំនៅរាល់សមិទ្ធផលដែលមានស្រាប់ឱ្យមានចីរភាពយូអង្វែង និងស្របតាមអនុសាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងគុណភាព៧០% និងពង្រីកថ្មី៣០%។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយដៃគូអភិវឌ្ឍន៍ ដូចជា KfW, AFD, EU ជាដើម និងសូមសំណូមពរដល់ដៃគូអភិវឌ្ឍមេត្តាបន្តការគាំទ្រដល់ដំណើររបស់ក្រសួងលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកថវិកា ក៏ដូចជាបច្ចេកទេសផងដែ។
លោកប្រធានកិច្ចសហប្រតិបត្តិការអភិឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា បានឆ្លើយតបថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តការងារបានយ៉ាងល្អ ត្រឹមត្រូវ និងច្បាស់លាស់ ទោះជាពេលខ្លះមានការជួបផលលំបាកខ្លះ តែក្រសួងបានជួបពិភាក្សា និងដោះស្រាយទាន់ពេលវេលា។ លោកក៏បានលើកឡើងពីការបន្តជំហរគាំទ្រ និងសហការជាមួយក្រសួងអភិវឌ្ឍន៍បន្តទៀត ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជនបទ គឺដើតួសំខាន់ណាស់សម្រាប់ការបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕