(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៤ ថ្នាក់ជាតិ របស់អង្គការផលិតភាពអាស៊ី (APO) ដល់សហគ្រាសផលិតនំស្រួយលីលី របស់លោកស្រីឧកញ៉ាបណ្ឌិត កែវ មុំ ដែលបានជំរុញចលនាផលិតភាព «ការអនុវត្តស៥» នៅក្នុងសហគ្រាសផលិតកម្ម សេវាកម្ម លើកកម្ពស់ ផលិតភាព នៅក្នុងសហគ្រាសផលិតកម្ម សេវាកម្មឱ្យមានវឌ្ឍនភាពឈានឡើង។

ការប្រគល់ពានរង្វាន់ធ្វើឡើងតាមរយៈលោក ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

គួរបញ្ជាក់ថា ​ស៥ ជាវិធីសាស្រ្តសម្រាប់រៀបចំកន្លែងធ្វើការ ដែលក្លាយមកពីភាសាជប៉ុនប្រាំពាក្យ រួមមាន៖

* ១៖ Seiri សម្រិតសម្រាំង៖ សម្រាំងយកវត្ថុចាំបាច់ ដោយញែករវាងវត្ថុចាំបាច់ និងមិនចាំបាច់ ហើយធ្វើការដកវត្ថុទាំងឡាយណាដែលមិនចាំបាច់ចេញ។

* ២៖ Seiton សណ្តាប់ធ្នាប់៖ រៀបចំវត្ថុចាំបាច់ទាំងឡាយទៅតាមលំដាប់លំដោយឲ្យបានល្អ ធ្វើដូចនេះ វានឹងងាយស្រួលរើសយកវត្ថុទាំងនោះមកប្រើ នៅពេលណាដែលត្រូវការ។

* ៣៖ Seiso ស្អាត ឬសម្អាត៖ សម្អាត និងពិនិត្យឲ្យបានម៉ត់ចត់គ្រប់កន្លែងការងារ ហេតុនេះនឹងមិនមានធូលីនៅលើឥដ្ឋ ម៉ាសុីន និងបរិក្ខាប្រើប្រាស់នោះទេ។

* ៤៖ Seiketsu ស្តង់ដា៖ ត្រូវរក្សាស្តង់ដារឲ្យបានខ្ពស់នៅគ្រប់ទីកន្លែងការងារ តាមរយៈការរក្សាអ្វីៗឲ្យបានស្អាត​​ និងមានសណ្តាប់ធ្នាប់គ្រប់ពេលវេលាទាំងអស់។

* ៥៖ Shitsuke ស្ថិតស្ថេរ៖ ត្រូវបណ្តុះបណ្តាលមនុស្សឲ្យអនុវត្តន៏ប្រព័ន្ឋ ស៥ ជាបន្តបន្ទាប់ជានិច្ច ដូចនេះវានឹងក្លាយជាទម្លាប់ និងត្រូវបានរក្សាទុកនៅក្នុងវប្បធម៏ការងារនៅក្នុងក្រុមហ៊ុន។

បើតាមលោក ភោគ សុវណ្ណារិទ្ធ បទបង្ហាញរបស់ក្រុមហ៊ុនលីលី ហ្វ៊ូដ តាមរយៈសិក្ខាសាលាមួយ ដែលរៀបចំដោយមជ្ឈមណ្ឌលផលិតភាពជាតិ ក្រុមហ៊ុនបានបង្កើនប្រសិទ្ធភាពផលិតកម្មរបស់ខ្លួន តាមរយៈកាត់បន្ថយភាពខ្ជះខ្ជាយថាមពល (ផ្លាស់ប្តូរឡចំហាយចម្អិននំពីការដុតអុស មកដុតអង្កាមវិញ) ណែនាំឱ្យបុគ្គលិកបិទ ម៉ាស៊ីនត្រជាក់១៥នាទីមុនពេលចាកចេញពីបន្ទប់ការងារ កាត់បន្ថយផលិតផលខូច....។ល។

«ក្រុមហ៊ុន បានចំណេញប្រាក់រាប់សិបម៉ឺនដុល្លារក្នុងមួយឆ្នាំ ដែលអាចឱ្យក្រុមហ៊ុនមានលទ្ធភាពរក្សាបានថ្លៃលក់ផលិតផល (នំ១កញ្ចប់ថ្លៃ១០០រៀល) តាំងពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន និងមានលទ្ធភាពពង្រីកផលិតកម្ម សម្រាប់នាំចេញក្រៅប្រទេសទៀតផង»។ លោក ភោគ សុវណ្ណារិទ្ធ បញ្ជាក់បន្ថែម។

APO គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីបង្កើនផលិតភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈកិច្ចសហប្រតិបត្តិការទៅវិញទៅមក។

បើតាមលោកស្រីឧកញ៉ាបណ្ឌិត កែវ មុំ អភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី សហគ្រាសនេះបានពាន APO ចំនួន ៣ដងហើយ៕