(កំពង់ឆ្នាំង)៖ រថយន្តធុនធំចំណុះជាច្រើនតោន១គ្រឿង កំពុងធ្វើសកម្មភាពដឹកជញ្ជូនលៀស ដែលជាប្រភេទលៀសចម្រុះមានលៀសតូចធំ សំបកលៀស សំបកខ្យងខ្ចៅលាយឡំទៅកម្ទេចជីវៈចម្រុះនៅបាតទន្លេ ដែលលៀស ប្រភេទនេះត្រូវបានច្បាប់មិនអនុញ្ញាតនោះឡើយ តែគេនៅតែសង្កេតឃើញឈ្មួញមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពដឹកជញ្ជូនដោយបន្លំជាមួយលៀសដែលល្អអាចហូបបាន សកម្មភាពបែបនេះគឺកើតមាន តាំងពីរដូវបើករហូតមកដល់រដូវបិទនេសាទ។

ដោយឡែកកម្ទេចលៀសដែលដឹកតាមរថយន្តខាងលើនេះ ត្រូវបានគេដឹកចេញពីចំណុចព្រែកទួលខ្សាច់ ស្ថិតក្នុងភូមិថ្នល់តាសែងឃុំភ្នំក្រាំងដីមាសស្រុករលាប្អៀរ ហើយត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ចាប់ឃាត់បានទាំងរថយន្ត និងតៃកុងរថយន្ត កាលពីវេលាម៉ោង១០៖០០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ប្រគល់ជូនទៅមន្ត្រីជំនាញរដ្ឋបាលជលផលនៅថ្ងៃទី២០ ខែមិថុនា។

លោក យ៉ឹម សុផល អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ថា ការចាប់ឃាត់រថយន្តដឹកលៀសខុសច្បាប់ ខាងលើនេះ គឺបន្ទាប់ពីពិនិត្យឃើញថា ការដឹកជញ្ជូនប្រភេទកំទេចលៀសចម្រុះតូចធំ ដែលមិនអាចយកទៅទទួលទានកើត និងម្យ៉ាងសកម្មភាពដឹកជញ្ជូនលៀសនេះផងដែរ គឺគេបានប្រព្រឹត្តនៅក្នុងរដូវបិទនេសាទ ទើបកម្លាំងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដឹកនាំដោយលោកអធិការផ្ទាល់ បានចុះប្រតិបត្តិការចាប់ឃាត់រថយន្តខាងលើនេះនៅវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃទី១៩ ខែមិថុនា យកមកកាន់អធិការដ្ឋាននគរបា លស្រុកទាំងយប់ផងដែរ។

លោកអធិការរងបានបន្តឲ្យដឹងទៀតថា លុះព្រឹកឡើងថ្ងៃទី២០ ខែមិថុនា លោកអធិការបានសហការជាមួយមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយបានយកលៀសចម្រុះខាងលើនេះសរុបចំនួន ១៧០ការ៉ុងស្មើនិងប្រមាណជា១០តោន យកទៅចាក់ចូលក្នុងទឹកស្ទឹងជ្រៃបាក់ ចំណុចមុខវត្តបាញ់ឆ្គោល ស្ថិតក្នុងភូមិបាញ់ឆ្កោល ឃុំជ្រៃបាក់ស្រុករលាប្អៀរ។

បន្ទាប់ពីចាក់លៀសចូលទៅក្នុងទឹកស្ទឹងអស់ហើយរថយន្ត និងវត្ថុតាងត្រូវបានប្រគល់ជូនមន្ត្រីជំនាញរដ្ឋ បាលជលផលនាថ្ងៃដដែលនោះផងដែរ ចំណែកតៃកុងរថយន្តត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ រថយន្តដែលសមត្ថកិច្ច ចាប់ឃាត់ខាងលើនេះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង 3A-0591។ លោកបានបញ្ជាក់ផងដែរថា លៀសទាំងអស់ដែលដឹកតាមរថយន្តនេះគឺជារបស់ឈ្មោះ (យាយនី)។

លោកអធិការរងបានបញ្ជាក់បន្ថែមទៀតថា ដោយទទួលបទបញ្ជាពីថ្នាក់លើ គឺចាប់ពីពេលនេះ សមត្ថកិច្ចនគរបាលរបស់លោកនឹងតាមឃ្លាំមើលគ្រប់ពេលវេលានៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរទាំងមូល នឹងមិនអនុញ្ញាតឱ្យកើត មានការដឹកជញ្ជូនលៀសខុសច្បាប់ដូចករណីខាងលើនេះជាបន្តទៀតឡើយ។

ជុំវិញករណីខាងលើនេះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ថា ការឡើងលៀស និងការដឹកជញ្ជូនលៀសខាងលើនេះ កន្លងមកកម្លាំងរបស់លោកបានចុះរើរុះកៅស៊ូតង់ដែលពួកគាត់បានបោះជំរុំស្នាក់នៅ តាមមាត់ទន្លេត្រង់ចំណុចខាងលើនេះអស់ហើយ។

ដូច្នេះបើមានការដឹកជញ្ជូនលៀសដោយខុសច្បាប់ណាមួយជាបន្តទៀត សូមសមត្ថកិច្ចនគរបាលជួយឃ្លាំមើលដើម្បីចូលរួមសហការបង្ក្រាបឲ្យបានទាន់ពេល លោកក៏សូមគាំទ្រនូវការសហការរវាងមន្ត្រីនគរបាលក្នុងការបង្ក្រាប បទល្មើសការដឹកជញ្ជូនលៀសខាងលើនេះផងដែរ។ ដោយឡែករថយន្តដឹកលៀសដែលមន្ត្រីនគរបាលបានប្រគល់មកឲ្យជំនាញ គឺលោកបានធ្វើការផាកពិន័យអន្តរការរួចហើយដែរ៕