(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងសុខភាព និងសុខុមាលភាពរបស់មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារឱ្យទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ ដែលជាការជំរុញឱ្យបរិយាកាសការងារកាន់តែមានភាពល្អប្រសើរ និងបង្កើនផលិតភាពការងារ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ ដើម្បីរួមចំណែកជួយសម្រាលការលំបាកផ្នែកសុខភាពសម្រាប់មន្ត្រី។

កិច្ចសហប្រតិបត្តិការគ្នានេះ បានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមវត្តមានលោក គ្រុយ វាសនា អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា និងលោក Jason Harrison សហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅនៃមន្ទីរពេទ្យ អ៉ីនធ័រឃែរ ព្រមទាំងមានការចូលរួមមន្ត្រីធនាគារជាតិ និងបុគ្គលិកនៃមន្ទីរពេទ្យ អ៉ីនធ័រឃែរ ជាច្រើននាក់ទៀតផងដែរ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ មន្ទីរពេទ្យនឹងផ្តល់ជូននូវជំនួយផ្នែកវេជ្ជសាស្ត្រ ដោយផ្តល់ជាការបញ្ចុះតម្លៃពិសេសជូនដល់មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ។ ភាពជាដៃគូយុទ្ធសាស្ត្រនេះនឹងធានាថា មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា និងក្រុមគ្រួសារ ទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ ដែលជាការជំរុញឱ្យបរិយាកាសការងារកាន់តែមានភាពល្អប្រសើរ និងបង្កើនផលិតភាពការងារ។ កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះក៏នឹងជួយសម្រួលដល់គំនិត ផ្ដួចផ្ដើមសហការក្នុងការរៀបចំសិក្ខាសាលាទាក់ទងនឹងសុខភាពសម្រាប់ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជាមានទំនុកចិត្តក្នុងការលើកកម្ពស់សុខភាព និងការចូលរួមបង្កើនផលិតភាពការងារ តាមរយៈការផ្តល់នូវអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពដ៏ទូលំទូលាយ និងគំនិតផ្តួចផ្តើមការលើកកម្ពស់សុខុមាលភាព និងបង្កើនកម្រិតផលិតភាពការងារ ដោយការពេញចិត្តលើការថែទាំសុខភាពដល់មន្ត្រីបុគ្គលិកគ្រប់រូប។ បន្ថែមពីនេះក្រោមកិច្ចសហការនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមានជាច្រើនដល់សហគមន៍កាន់តែទូលំទូលាយ តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមទាក់ទងនឹងសុខភាព និងសង្គមផ្សេងៗ។

មន្ទីរពេទ្យ អ៉ីនធ័រឃែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តអូឡាំព្យា និងមានការផ្តល់ជូននូវសេវាថែទាំសុខភាពដ៏ទូលំទូលាយ ដែលផ្តោតទៅលើការថែទាំបែបវេជ្ជសាស្រ្តជាមួយនឹងភាពងាយស្រួល និងប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មវេជ្ជសាស្ត្រដោយការគោរព និងសមភាព ដោយធានាថា អ្នកជំងឺគ្រប់រូបនឹងទទួលបានការថែទាំយ៉ាងដិតដល់ប្រកបដោយវិជ្ជាជីវៈខ្ពស់។

សូមបញ្ជាក់ថា កិច្ចសហការនេះសង្កត់ធ្ងន់លើការទទួលបាននូវការថែទាំសុខភាពប្រកបដោយស្តង់ដារខ្ពស់ បែបអន្តរជាតិនៅក្នុងប្រទេសកម្ពុជា និងបង្ហាញពីការអភិវឌ្ឍនៃសេវាថែទាំសុខភាពក្នុងប្រទេស ដើម្បីកាត់បន្ថយការទៅទទួលការថែទាំសុខភាពនៅក្រៅប្រទេសផងដែរ៕