(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ដល់សិស្សានុសិស្សចំនួន២០៣នាក់ មកពីវិទ្យាល័យចំនួន៤ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានរបស់លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

នាឱកាសនោះដែរ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានលើកឡើងថា ការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ដល់សិស្សានុសិស្សទាំង២០៣រូបនាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅក្នុងអាណត្តិទី៥ ក្នុងនោះ គណៈកម្មាធិការសាខាបានកសាងធនធានមនុស្សបន្តវេន របស់សមាគមជាតិកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងជាជំនួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌។

លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានបន្តថា កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ នាំមុខគេនៅកម្ពុជានឹងក្លាយជាសមាគមជាតិ ដែលមានភាពម្ចាស់ការខ្ពស់ ដោយយកចិត្តទុកដាក់សំខាន់លើវិស័យអាទិភាពទាំង៤គឺ ទី១៖ វិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ទី២៖ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ទី៣៖ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទិ៤៖ ការអភិវឌ្ឍស្ថាប័ន។

លោកស្រីបានលើកឡើងថា កម្ពុជាបានចាត់ទុកយុវជនជាធនធានគ្រឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព។ នៅគ្រប់សម័យកាលគ្រប់សង្គម យុវជនជាកម្លាំងស្រួច ដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ជាពិសេសយុវជន ជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។

លោកស្រីបានបន្ថែមថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម»។

លោកស្រី ទុយ ជិ ប្រាក់សោភ័ណ ក៏បានណែនាំ និងផ្តាំផ្ញើរដល់យុវជនកាកបាទក្រហម ដែលបានបំពាក់កន្សែងនាពេលនោះទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី សាមគ្គីភាពរវាងគ្នានិងគ្នា រវាងយុវជនកាកបាទក្រហមកម្ពុជា និងយុវជនដ៏ទៃទៀតក្នុងការបំពេញបេសកម្មមនុស្សធម៌ ចៀសវាងឱ្យបានដាច់ខាតទង្វើទាំងឡាយណា ដែលនាំទៅដល់ការបែកបាក់ ប្រេះសាំ និងសាមគ្គីភាពផងដែរ។

លោកស្រីក៏បានជំរុញដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រចំណេះវិជ្ជា ដើម្បីក្លាយជាកូនល្អ សិស្សល្អ យុវជនល្អ មិត្តល្អ ពលរដ្ឋល្អ និងមិនធ្វើអំពើអសីលធម៌ផ្សេងៗ ដែលនាំឱ្យអ្នកមានគុណពិបាកចិត្ត និងមានទុក្ខ។ ទន្ទឹមនេះ ត្រូវអនុវត្តន៍ក្រមសីលធម៌ មិត្តអប់រំមិត្ត មិនបណ្តោយខ្លួនឱ្យធ្លាក់ចូលក្នុងអំពើមិនល្អ មានល្បែងពាលា គ្រឿងញៀន ក្មេងទំនើង បងធំ និងធ្វើជាគំរូក្នុងការអូសទាញមិត្តភក្តិ ដែលដើរផ្លូវខុសឱ្យងាកមករកផ្លូវត្រូវវិញផងដែរ៕