(សៀមរាប)៖ ក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំ «ទិវាយោគៈ អន្តរជាតិ លើកទី១០» ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា។

ពិធីនេះបានធ្វើឡើងក្រោម​វត្តមានលោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍, លោកស្រី Devyani Khobragade, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា, លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ព្រមទាំង លោក លោកស្រី តំណាងមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្សជាច្រើនចូលរួមផងដែរ។

លោកស្រី ម៉ននី រង្សី បាន​ថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌា ដែលវានរៀបចំទិវាយោគៈនេះឡើង។ សូមជម្រាបថា ខេត្តសៀមរាបជាគោលដៅទេសចរពិភពលោក ហើយវិស័យទេសចរណ៍ ជាវិស័យដ៏មានសារៈបំផុតសម្រាប់លើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ បើទោះបីជាប្រទេសកម្ពុជា បានខិតខំបន្ធូរបន្ថយ និងកំណែទម្រង់លើវិស័យទេសចរណ៍ជាច្រើន ក៏ប៉ុន្តែនៅតែទទួលរងនូវផលប៉ះពាល់បន្ទាប់ពីកូវីដ។ លោកស្រីក៏សូមថ្លែងអំណរគុណដែលបានរៀបចំ «ទិវាយោគៈ» នៅលើទឹកដីអង្គរជារៀងរហូតមក សង្ឃឹមថា ទិវាយោគៈនៅថ្ងៃនេះនឹងផ្សព្វផ្សាយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប ទៅកាន់ពិភពលោកផងដែរ។

លោក ហ៊ុល សីលា បានលើកឡើងថា កន្លងមកក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ធ្លាប់បានរៀបចំ «ទិវាយោគៈ អន្តរជាតិ» ចំនួន៩លើករួចមកហើយ (តាំងពីឆ្នាំ២០១៥) នៅតាមគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាជាច្រើន ទទួលបានជោគជ័យយ៉ាងធំធេង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សាធារណៈជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ដោយឡែក ឆ្នាំនេះ យើងរៀបចំព្រឹត្តិការណ៍ «យោគៈអន្តរជាតិ» លើកទី១០នៅទីតាំងចំនួន២ គឺ៖ រាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោកបានបន្តថា ព្រឹត្តិការណ៍នេះ ក៏មានសារៈសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា តាមរយៈការលើកកម្ពស់ទំនាក់ទំនងសង្គម-វប្បធម៌-សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

លោក ហ៊ុល សីលា បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដែលបានបន្ដចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និងវិស័យអាទិភាពមួយ  ដែលចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ តាមការចង្អុលបង្ហាញដោយយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ក្រសួងទេសចរណ៍បានកំណត់ចក្ខុវិស័យច្បាស់លាស់គឺ «ដើម្បីរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងភាពធន់នៃកម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ»

លោក ហ៊ុល សីលា បានបញ្ជាក់ថា ដើ​ម្បីសម្រេចចក្ខុវិស័យខាងលើ ក្រសួងទេសចរណ៍បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមយុទ្ធសាស្ដ្រ «បង្កើន៥ អភិវឌ្ឍ៣» ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ការប្រារព្ធធ្វើ «ទិវាយោគៈអន្តរជាតិ» ជារៀងរាល់ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងជួយឱ្យពលរដ្ឋកម្ពុជា មានការយល់ដឹងកាន់តែច្បាស់ពីផលប្រយោជន៍ ដែលទទួលបានពីលំហាត់ប្រាណបែបសម្មាធិ ធ្វើឱ្យមាន អារម្មណ៍​ល្អ​ទាំងផ្លូវកាយ ផ្លូវចិត្ត​ និងមានហេតុផលសំខាន់ៗមួយចំនួនក្នុងការរៀបចំទិវាយោគៈអន្តរជាតិ៖ ធ្វើឱ្យល្អប្រសើរនូវសុខភាពផ្លូវកាយ ចិត្ត និងវិញ្ញាណ, កាត់បន្ថយភាពតានតឹង និងជួយឱ្យខួរក្បាលដំណើរការបានល្អ, ជួយធ្វើឱ្យមនុស្សមានភាពរហ័សរហួន និងមានថាមពល, ផ្សព្វផ្សាយសន្តិភាព និងសុខមាលភាពសាធារណៈនៅទូទាំងពិភពលោក, ជំរុញឱ្យមានការយល់ដឹងពីអត្ថប្រយោជន៍នៃលំហាត់ប្រាណបែបយោគៈ និងទទួលស្គាល់ថាយោគៈ ជាលំហាត់ប្រាណដ៏ល្អបំផុតនៅលើពិភពលោក។

លោកស្រី Devyani Khobragade បានបញ្ជាក់ថា យោគៈមិនត្រឹមតែជាលំហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការធ្វើលំហាត់ប្រាណរាងកាយដែលផ្តោតអារម្មណ៍។ ស្ថានទូតក៏មានមេរៀនយោគៈ ចែកដោយឥតគិតថ្លៃសម្រាប់អ្នកដែលចូលចិត្តចង់ចូលរួម និងចង់ផ្សព្វផ្សាយអំពីវា។ លោកស្រីក៏បានថ្លែងអំណរគុណសម្រាប់ការចូលរួមរបស់សិស្សានុសិស្ស និងគ្រប់ផ្នែកទាំងអស់។ លោកស្រីសង្ឃឹមថា អ្នកនឹងបន្តរក្សាយូហ្គានៅក្នុងជីវិតរបស់អ្នកផងដែរ៕