(កំពង់ធំ)៖ លោក ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានផ្ដល់បទសម្ភាសជូនបណ្ដាញព័ត៌មាន Fresh News ស្ដីពីពន្យល់ពីការសម្រួលនីតិវិធីមួយចំនួន ក្នុងការកែតម្រូវអត្រានុកុលដ្ឋានជូនប្រជាពលរដ្ឋ ដែលរឿងក្ដីមិនមែនជាបណ្ដឹង។

លោកប្រធានសាលាដំបូងខេត្ត បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាក្រសួងយុត្តិធម៌បានណែនាំដល់សាលាដំបូងរាជធានី-ខេត្តទាំងឡាយ ជួយសម្រួលនីតិវិធីជូនប្រជាពលរដ្ឋ ដែលមានកង្វល់ពាក់ព័ន្ធនឹងសំណុំរឿងអត្រានុកុលដ្ឋាន។

លោក ផូង វណ្ណ បានបន្តថា ការជួយដោះស្រាយបញ្ហាអត្រានុកុលដ្ឋានដែលជារឿងក្ដីមិនមែនជាបណ្ដឹងនេះ គឺដើម្បីបង្កភាពងាយស្រួល ឆាប់រហ័សជូនប្រជាពលរដ្ឋដែលបានពឹងពាក់មកតុលាការ ដើម្បីស្នើសុំកែតម្រូវ សុំផ្លាស់ប្ដូរទិន្នន័យអត្រានុកុលដ្ឋាននេះ។ បច្ចុប្បន្ន​ សាលាដំបូងខេត្តបានកាត់ចេញនូវចំណុចដែលនាំឱ្យមានការយឺតយ៉ាវចេញ ពោលគឺឱ្យតែមានឯកសារគ្រប់ គឺចេញជូនប្រជាពលរដ្ឋភ្លាម ហើយក៏គ្មានការបង់ប្រាក់អ្វីទៀតក្រៅ ពីប្រាក់ប្រដាប់ក្ដីចំនួន៥០០០រៀលឡើយ។

លោកបន្តទៀតថា «ការយឺតយ៉ាវ ឬលឿនរហ័ស ក៏អាស្រ័យលើប្រជាពលរដ្ឋដែរ គឺត្រង់ថាតើគាត់ដាក់ឯកសារស្នើមកតុលាការគ្រប់គ្រាន់ហើយឬនៅ? កាលណាគាត់ស្នើសុំប្ដូរឈ្មោះសាមីខ្លួនគាត់ ឬប្ដូរឈ្មោះឪពុកម្ដាយ ឬប្ដូរថ្ងៃខែឆ្នាំកំណើត គឺត្រូវមានឯកសារភ្ជាប់មកជាមួយដើម្បីបង្ហាញការជឿជាក់ជូនតុលាការ។ នៅពេលគាត់ដាក់ពាក្យបណ្ដឹង គេនឹងពិនិត្យឯកសារជូនគាត់ និងសួរពីគោលបំណងដែលចង់កែអត្រានុកុលដ្ឋាន ហើយនឹងចេញដីកាសម្រេចជូនគាត់ក្នុងអំឡុងពេលតែ២ថ្ងៃទេ»

ប្រធានសាលាដំបូងខេត្តកំពង់ធំ ក៏បានអំពាវនាវដល់រដ្ឋបាលឃុំសង្កាត់ មុននឹងផ្ដល់អត្រានុកុលដ្ឋានជូនប្រជាពលរដ្ឋ ត្រូវផ្ដោតលើចំណុចចាំបាច់៖

*ទី១៖ សូមឱ្យមានអ្នកសរសេរអក្សរច្បាស់ៗ ជូនសាមីពលរដ្ឋដែលស្នើសុំអត្រានុកុលដ្ឋាននោះ
*ទី២៖ ត្រូវប្រមូលឯកសាររបស់ឪពុកម្ដាយឱ្យបានគ្រប់គ្រាន់ មុននឹងចេញសំបុត្រកំណើតជូនសាមីខ្លួនកូន។ ក្នុងករណីកូនទើបនឹងកើត គឺអាចស្វែងរក និងយោងតាមលិខិតបញ្ជាក់របស់មន្ទីរពេទ្យបាន។ លោកថា ការប្រុងប្រយ័ត្នបែបនេះ គឺចៀសវាងការបង្កភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ។

លោក ផូង វណ្ណ បានបញ្ជាក់ទៀតថា ការងារទាំងនេះគឺជាការយកចិត្តទុកដាក់មួយរបស់រាជរដ្ឋាភិបាល ក្នុងនោះមានការធ្វើកំណែទម្រង់វិស័យយុត្តិធម៌ ដែលឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាក់ចេញនូវចំណុចអាទិភាព៣ គឺការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយរឿងក្ដី និងលើកកម្ពស់និងសេចក្ដីសម្រេច។ លោកបន្ថែមថា ចំណុសំខាន់៣ទៀត គឺសំណុំរឿងគ្រឿងញៀន សំណុំរឿងចរាចរណ៍ និងសំណុំរឿងអត្រានុកុលដ្ឋាននេះឯង៕

សូមទស្សនាបទសម្ភាសជាមួយលោក ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំដូចតទៅ៖