(កំពង់ធំ)៖ លោកវរសេនីយ៍ត្រី សូរហ៊ាន ឡងឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈើទាល ស្រុកសណ្ដាន់ បានចុះផ្សព្វផ្សាយការទប់ស្កាត់បាតុភាពអសកម្មសិស្សានុសិស្សប្រមូលផ្ដុំគ្នាលេងទូរសព្ទ លេងហ្គេមអនឡាញ ជក់បារី និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅអនុវិទ្យាល័យកំពង់តាប៉ែន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ថ្ងៃទី២១ ខែមិថុនាឆ្នាំ ២០២៤។

លោកបញ្ជាក់ថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ធំលេខ ៦៤៣៧/ ៤៤ ស ណ ន ចុះថ្ងៃទី១៣ ខែមិថុន ឆ្នាំ២០២៤។ កន្លងមកដោយសង្កេតឃើញថា មានសកម្មភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច បានគេចសាលារៀន ទៅប្រមូលផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ ភេសជ្ជៈ ក្លិបហាត់ប្រាណ ក្លិបបាល់ទះ ក្លឹបបាល់ទាត់ និងកន្លែងកម្សាន្តនានា ដើម្បីប្រព្រឹត្តអំពើមិនគប្បីដូចជាលេងទូរស័ព្ទ លេងហ្គេមតាមអនឡាញ ជក់បារី បារីអេឡិចត្រូនិច បង្កជម្លោះ បង្កបក្ខពួក ក្មេងទំនើង និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

លោកបន្តថា ដើម្បីទប់ស្កាត់បាតុភាពអសកម្មទាំងនេះគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកំពង់ធំបានណែនាំដល់គ្រប់មូលដ្ឋានឱ្យរឹតបណ្តឹងអប់រំផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំសង្កាត់មាន សុវត្ថិភាព» ជូនដល់សិស្សានុសិស្សគ្រប់សាលារៀន និងម្ចាស់អាជីវកម្មម៉ាត កន្លែងលក់កាហ្វេ អាហារដ្ឋាននិងកន្លែងកម្សាន្តនានាដើម្បីទប់ស្កាត់បាតុភាព អសកម្មរបស់សិស្សានុសិស្ស នៅតាមទីតាំងអាជីវកម្មនានា លុបបំបាត់ក្មេងទំនើង ល្បែងស៊ីសង ខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះ លោកបានស្នើលោកគ្រូអ្នកគ្រូ ជួយពិនិត្យតាមដានអវត្តមានសិស្សានុសិស្សក្នុងម៉ោងសិក្សា និងត្រូវបន្តពង្រឹងវត្តមានរបស់សិស្ស សំដៅចូលរួមលុបបំបាត់សកម្មភាពអសកម្មរបស់សិស្ស ក្នុងការប្រមូលផ្តុំលេងទូរស័ព្ទ លេងហ្គេមតាមអនឡាញ ជក់បារី បារីអេឡិចត្រូនិច និងឈានទៅ លួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

លោកសង្ឃឹមជឿជាក់ថា អាណាព្យាបាលនិងប្អូនៗយល់អំពីកិច្ចនេះដើម្បីឲ្យភូមិឃុំយើងទទួលបាននូវភាពរុងរឿងសម្បូរសប្បាយ៕