(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដឹកនាំកិច្ចប្រជុំត្រៀមលើកទី១ (First Preparatory Meeting) ឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

កិច្ចប្រជុំត្រៀមលើកទី១ ផ្តោតសំខាន់លើការរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីធានាថារាល់កិច្ចប្រជុំទាំងអស់ ដំណើរការដោយរលូន និងទទួលបានជោគជ័យតាមកម្មវិធីគ្រោងទុក។

ជាមួយគ្នានេះ កិច្ចប្រជុំ បានពិភាក្សាលើខ្លឹមសារឯកសារសំខាន់ៗចំនួនបី រួមមាន របាយការណ៍នៃការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ(២០២០-២០២៤) ផែនការសកម្មភាពសៀមរាប-អង្គរ(២០២៥-២០២៩) និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ។ ឯកសារទាំងបីនេះ ផ្តោតលើការវិភាគជាសកល ឆ្លុះបញ្ចាំងពីការពិតនាពេលបច្ចុប្បន្ន និងការស្វែងរកការឆ្លើយតបទៅនឹងនិន្នាការ និងបញ្ហាប្រឈមតាមរយៈសកម្មភាព និងការប្តេជ្ញាចិត្តជាក់ស្តែង។

លោកបណ្ឌិត លី ធុជ បានលើកឡើងថា ផែនការសកម្មភាពសៀមរាប-អង្គរ នឹងត្រូវកសាងឡើងដើម្បីឆ្លើយតបទៅនឹងចំណុចខ្វះខាតក្នុងការអនុវត្ត និងជួយឱ្យសម្រេចបាននូវគោលបំណងនៃអនុសញ្ញាអូតាវ៉ា និងខិតកាន់តែជិតនូវគោលដៅពិភពលោកមួយដែលគ្មានមីន តាមរយៈបន្តការប្តេជ្ញាចិត្តនយោបាយ និងការយកចិត្តទុកដាក់លើផ្នែកមនុស្សធម៌។

លោកបណ្ឌិត លី ធុជ បានបន្តទៀតថា ដោយឡែក ការរៀបចំសេចក្តីថ្លែងការណ៍នយោបាយ មានគោលបំណងពង្រឹង និងបង្ហាញពីការប្តេជ្ញាចិត្តនយោបាយរបស់រដ្ឋភាគីក្នុងការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ និងប្តេជ្ញាឡើងវិញក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញកាតព្វកិច្ចនៃអនុសញ្ញា។ ការរៀបចំសេចក្តីថ្លែងការណ៍នយោបាយ ត្រូវផ្តោតលើ៖ ពង្រឹងការខិតខំប្រឹងប្រែងអនុវត្ត ការពារបទដ្ឋាន ការពង្រឹងភាពជាដៃគូ កាត់បន្ថយគ្រោះថ្នាក់ ជំនួយជនរងគ្រោះប្រកបដោយនិរន្តរភាព យេនឌ័រនិងភាពចម្រុះ ការបញ្ចូលការងារទៅក្នុងក្របខ័ណ្ឌទូលំទូលាយ និងការប្តេជ្ញាចិត្តក្នុងការបង្កើនធនធានជាតិនិងអន្តរជាតិ។’

ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានថ្លែងស្វាគមន៍ចំពោះគំនិតយោបល់ និងខ្លឹមសារសំខាន់ៗ សម្រាប់ដាក់បញ្ចូលក្នុងផែនការសកម្មភាពសៀមរាប-អង្គរ សម្រាប់យកទៅអនុវត្តដើម្បីបំពេញកាតព្វកិច្ច នៃអនុសញ្ញាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងរបៀបឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលនៅសេសសល់៕