(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា នៅគ្រប់ធនាគារដៃគូ របស់មូលធិនិគន្ធបុប្ផាកម្ពុជា មានឈ្មោះរបស់គណនីធនាគារមានតែមួយគត់គឺ «មូលនិធិគន្ធបុប្ផាកម្ពុជា» ហើយឈ្មោះនេះជាភាសាខ្មែរ ដូច្នេះប្រសិនបើសប្បុរសជនស្កេនលើ QR Code ហើយលោតឈ្មោះផ្សេងពីមានន័យថាគណនីធនាគារនេះ គឺមានជនខិលខូចក្លែងបន្លំ។

ត្រង់ចំណុចនេះ ត្រូវបាននាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា គូសបញ្ជាក់ថា រហូតមកពេលបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា គឺមិនទាន់មានលេចលឺជនខិលខូចបន្លំឈ្មោះលើផ្ទាំង QR Code នៅឡើយទេ ប៉ុន្តែ ការក្រើនរំលឹកបែបនេះ គឺដើម្បីធ្វើយ៉ាងណានាំសារដល់សប្បុរសជនទាំងឡាយដែលមានបំណងបរិច្ចាគធនធានរបស់ខ្លួនជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចាញ់បោកជនខិលខូចជាដើម។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ថ្មីៗនេះ, លោកបណ្ឌិត ចន ណារិទ្ធ បានស្នើសុំដល់សប្បុរសជនទាំងអស់ មេត្តាពិនិត្យមើលឈ្មោះគណនីធនាគារឱ្យបានច្បាស់គឺ «មូលនិធិគន្ធបុប្ផាកម្ពុជា» និងមានសេចក្ដីសោមនស្សរីករាយដែលយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានការចូលរួមនិងគាំទ្រជាច្រើនពីសំណាក់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកដែលនេះជាសញ្ញានៃជោគជ័យមួយផងដែរ។

លោកបណ្ឌិត ចន ណារិទ្ធ បានឱ្យដឹងថា៖ «បញ្ហានេះវាមិនទាន់កើនឡើងនៅឡើយទេ ប៉ុន្តែសុំផ្តាំផ្ញើតាមរយៈបងប្អូនអ្នកសារព័ត៌មានផ្សព្វផ្សាយបន្តផង គឺយើងប្រយ័ត្នប្រយែងខ្លាចមានជនខិលខូចមួយចំនួន អាចបង្កើតជា Postster (ផ្ទាំង QR Code) ប៉ុន្តែ គាត់ដាក់ QR Code របស់គាត់ជាបុគ្គល អ៊ឹចឹងខ្ញុំសូមផ្តាំផ្ញើ យុទ្ធនាការនេះ សម្រាប់មូលនិធិមន្ទីរគន្ធបុប្ផាកម្ពុជា ពេលស្កេនទៅចេញឈ្មោះ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលមានឈ្មោះជាភាសាខ្មែរតែម្តង ហើយយើងបានសហការជាមួយធនាគារដៃគូ ឈ្មោះបែបនេះ គឺមិនមានអ្នកណាបង្កើតផ្សេងទៀតក្រៅពីយើងទេ»

បើតាមលោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ មានធនាគារចំនួន១៤ នៅកម្ពុជា ដែលបានសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការបង្កើតច្រកសម្រាប់ការបរិច្ចាគថវិកា សម្រាប់ទ្រងទ្រង់សកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

សូមបញ្ជាក់ជូនថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា បាននិងបន្តការខិតខំអំពាវនាវ ដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗ ដូចជាការជំរុញការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ការបង្កើនការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន និងសង្គម ការធ្វើបទបង្ហាញនៅតាមសមាគមធុរកិច្ច និងបណ្តាគ្រឹះស្ថានឧត្តមសិក្សា នៅតាមបណ្តារាជធានី-ខេត្ត ការដាក់បដារមូលនិធិនៅតាមទីសាធារណៈ និងការបន្តរៀបចំយុទ្ធនាការកៀរគរការបរិច្ចាគនានា ដូចជា ការរៀបចំកម្មវិធីដើរដើម្បីកុមារកម្ពុជា, កម្មវិធីប្រកួតកីឡាបាល់ទាត់, កម្មវិធីប្រកួតវាយសី កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា និងកីឡាផ្សេងៗទៀត, ការប្រគំតន្រ្តីដើម្បីភាពញញឹមកុមារ និងយុទ្ធនាការជាច្រើនទៀត ដោយមានកិច្ចសហការពីបណ្តាក្រសួងស្ថាប័ន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន៕