(កំពង់ស្ពឺ)៖ មន្ត្រីជំនាញកសិកម្ម ដឹកនាំដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងអាជ្ញាធរដែនដី ហើយដោយមានការចូលរួមពី អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានបន្តចុះពិនិត្យស្ថានភាពនៃការផ្ទុះរាលដាលដង្កូវហ្វូងស៊ីដំណាំស្រូវ និងផ្តល់ថ្នាំបាញ់សម្លាប់ដង្កូវ នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ។
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា បានឱ្យដឹងថា បើតាមព័ត៌មានបឋមដំណាំស្រូវប្រមាណជា១៥ហិកតា ក្នុងចំណោមដំណាំស្រូវជាង៤០០ហិកតា ត្រូវបានសត្វដង្កូវហ្វូងស៊ីត្រួយស្រូវស្ទើរអស់ទាំងស្រុង ប៉ុន្តែបន្ទាប់ពីបាញ់ថ្នាំកម្ចាត់ដង្កូវ ដំណាំស្រូវនឹងលូតលាស់ធម្មតាដោយសារមានភ្លៀងធ្លាក់ជាបណ្តើរៗ។
ករណីនេះ លោកបានណែនាំទៅមន្ត្រីកសិកម្មប្រចាំខេត្តកំពង់ស្ពឺ ត្រូវសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃលើដំណាំស្រូវដែលដង្កូវហ្វូងស៊ីជាប្រចាំ ដើម្បីស្រង់ស្ថិតិឬទិន្នន័យដែលរងផលប៉ះពាល់បន្ថែមទៀត បញ្ជូនទៅក្រុមការងារជំនាញពិនិត្យ និងងាយស្រួលរកវិធីជួយដោះស្រាយបញ្ហាប្រឈមទាំងនោះ ជូនប្រជាកសិករនៅតំបន់នោះ។
នៅអំឡុងពេលចុះពិនិត្យនោះ ក្រុមការងារជំនាញកសិកម្មបានយកថ្នាំបាញ់សម្លាប់ដង្កូវហ្វូង២ប្រភេទឈ្មោះថ្នាំពិឃាតដង្កូវ និងប្រេងបង្កើនប្រសិទ្ធភាពជីថ្នាំកសិកម្ម ជូនប្រជាកសិករដើម្បីបាញ់សម្លាប់ដង្កូវហ្វូងផងដែរ។
ប្រធាននាយកដ្ឋានដំណាំស្រូវ ក៏បានណែនាំទៅប្រជាសហគមន៍និងប្រជាកសិករ ប្រើថ្នាំបាញ់សម្លាប់ដង្កូវហ្វូងនៅពេលព្រឹក ពេលល្ងាច និងពេលយប់ជាដើម ទើបសម្លាប់ដង្កូវនោះបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕