(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកសិកម្ម ចុះពិនិត្យ និងវាយតំលៃផលប៉ះពាល់ចំពោះការខូចខាតដំណាំស្រូវ របស់ប្រជាកសិករ នៅក្នុងភូមិគាមុនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយមានសេចក្តីរាយការណ៍ពីការបំផ្លាញសត្វដង្កូវហ្វូង ដែលទូរលេខបឋមស្រូវជាង១៥ហិកតា កំពុងរងផលប៉ះពាល់។

លោក វ៉ី សំណាង បានចូលរួមសោកស្តាយចំពោះការបំផ្លិចបំផ្លាចដំណាំស្រូវរបស់បងប្អូនកសិករពីសំណាក់ពពួកសត្វដង្កូវហ្វូង ដែលបាននិងកំពុងមានវត្តមាននៅក្នុងឃុំខាងលើនេះ ហើយលោកចាត់ឲ្យជំនាញមានវិធានការ បន្ទាន់លើករណីនេះ។

អភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីជំនាញកសិកម្មត្រូវបន្តចុះពិនិត្យតំបន់ផ្សេងៗ និងស្រាវជ្រាវនូវវត្តមានសត្វដង្កូវហ្វូងនេះនៅតាមបណ្តាស្រុក ក្រុង ហើយចាត់វិធានការបន្ទាន់ឲ្យបានឆាប់បំផុត ដើម្បីអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់បងប្អូនកសិករធ្វើយ៉ាងណាបញ្ជៀសបានពីការយាយីសត្វចង្រៃទាំងនេះ។

ទន្ទឹមគ្នានេះ លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់ប្រជាកសិករទាំងអស់ដែលប្រកបរបរធ្វើស្រែឱ្យយកចិត្តទុកដាក់ខ្ពស់ តាមដាននូវវត្តមានដង្កូវហ្វូងនិងសត្វចង្រៃផ្សេងទៀតដែលបំផ្លិចបំផ្លាញផលដំណាំរបស់បងប្អូន ។ ក្នុងករណីប្រសិនជាឃើញមានវត្តមានពពួកដង្កូវហ្វូងនិងសត្វចង្រៃខាងលើ សូមបងប្អូនប្រជាកសិករ សហការនិងរាយការណ៍បន្ទាន់ទៅមន្ត្រីជំនាញកសិកម្មឃុំឬស្រុក ក្រុង ដើម្បីឱ្យអាជ្ញាធរនិងមន្ត្រីជំនាញមានលទ្ធភាពអន្តរាគមន៍ សង្គ្រោះទាន់ពេលវេលា។

យោងតាមសម្តីរបស់លោក យឹម ណន អនុប្រធានក្តាប់រួមនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះដង្កូវហ្វូងកំពុងលេចវត្តមានលើស្រុកចំនួនពីរគឺស្រុកថ្ពង និងស្រុកបសេដ្ឋ មន្ទីរជំនាញកំពុងចាត់វិធានការ តាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងកំពុងតាមដានស្រាវជ្រាវលើស្រុក/ក្រុងផ្សេងទៀតនូវវត្តមានពពួកសត្វនេះដើម្បីមានចំណាត់ការទាន់ពេលជូនកសិករ៕