Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំង អ.ហ ទាំងអស់កំពុងរៀបចំពង្រឹងបញ្ហា សន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ នៅខេត្តកំពង់ស្ពឺ

17-09-2016 12:39

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថ បានបញ្ជាក់ប្រាប់ ដល់មន្រ្តី កងរាជអាវុធហត្ថ ក្រុង,ស្រុក ស្នាក់ការសន្តិសុខថា ដើម្បីថែរក្សាបាននៅសន្តិសុខ សុវត្តិភាព និងរក្សាបាន សណ្តាប់ធ្នាប់របៀបរៀបរយ គ្រប់ពិធីបុណ្យដែលកំពុងប្រព្រឹត្តទៅ និងត្រៀមរៀបចំឲ្យបានល្អប្រសើរ។

លោកបានបន្តថា «យើងជាកងកំលាំងអាវុធហត្ថ ធ្វើសកម្មភាពល្បាតចល័ត តាមគោលដៅសំខាន់ៗ ជាពិសេសតាមដងផ្លូវសាធារណៈ នៅតាមវត្តអារាម រាល់ពេលពលរដ្ឋប្រជាពុទ្ធបរិស័ទ ដែលអញ្ជើញ ទៅបោះបាយបិណ្ឌ»

មេបញ្ជាការដដែលបានបញ្ជាក់ថា ត្រូវតែការពារឲ្យបានដាច់ខាត សកម្មភាពជនខិលខូច ដែលត្រៀមប្រព្រឹត្តចោរកម្ម លួចប្លន់ទ្រព្យសម្បត្តិ លើដងផ្លូវលំនៅដ្ឋាន។ ក្រៅពីនោះ កម្លាំងការពារ ត្រូវណែនាំ អប់រំក្រុម ក្មេងទំនើង ក្រុមក្មេងបង្ហោះម៉ូតូ តាមដងផ្លូវ ផ្សព្វផ្សាយពីការបើកបរ ឲ្យមានរបៀបរៀបរយ ជៀសវាងឲ្យបានប្រការគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសំខាន់ៗ ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងពីបទបញ្ជា របស់អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពេលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដាក់ចេញនូវផែនការសម្រាប់ការពារ នៅពិធីបុណ្យកាន់បិណ្ឌ,ភ្ជំបិណ្ឌ រួមទាំងបុណ្យកឋិន បុណ្យឯករាជ្យជាតិ ហើយនិងបុណ្យដ៏ធំមួយចំនួនទៀត គឺព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នាពេលខាងមុខ៕