(ហាណូយ)៖ ក្រសួងសន្តិសុខសាធារណប្រទេសវៀតណាម បានចេញសេចក្តីប្រកាសជាអន្តរជាតិឲ្យចាប់ខ្លួនជនឈ្មោះ Trinh Xuan Thanh ដែលជា អតីតអគ្គនាយកក្រុមហ៊ុនប្រេងឥន្ទនៈ PVC និងជាអតីតមន្រ្តីបម្រើការងារនៅខេត្ត Hau Giang ភាគខាងត្បូងប្រទេសវៀតណាម។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦។
សារព័ត៌មានក្នុងស្រុកវៀតណាម Ho Chi Minh City Law បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា លោក Thanh មិនបានត្រឡប់មកប្រទេសកំណើតខ្លួនវិញទេ បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យ ទៅព្យាបាលជំងឺរលាកសន្លាក់ នៅឯក្រៅប្រទេសកាលពីពាក់កណ្តាលខែសីហាកន្លងទៅនេះ។ នៅប៉ុន្មានថ្ងៃមុន អាជ្ញាធរខេត្ត Hau Giang បានបញ្ជូនមនុស្សទៅរដ្ឋធានីហាណូយ ដើម្បីស្វែងរកលោក Thanh ដែលជាអតីត អនុប្រធានគណៈកម្មាធិការប្រចាំខេត្ត Hua Giang ប៉ុន្តែមិនអាចរកឃើញជននេះឡើយ។
គួរបញ្ជាក់ដែរថា លោក Trinh Xuan Thanh ក៍ធ្លាប់ត្រូវបានបណ្តេញចេញពី គណបក្សកុម្មុយនីស្តវៀតណាម ផងដែរ ព្រោះតែលោកបានប្រព្រឹត្តិខុសឆ្គង និងរំលោភបំពានច្បាប់ជាច្រើនលើកច្រើនសារ ដែលប្រការនេះអាចនឹងធ្វើឲ្យ ខូចកេរ្តិ៍ឈ្មោះរបស់បក្ស ក៍ដូចជាប្រទេសទាំងមូលបាន។
បន្ថែមពីនេះទៀត កាលពីលោកនៅជាអគ្គលេខាធិការរង គណបក្សកុម្មុនីស្តវៀតណាម និងជាអគ្គនាយកក្រុមហ៊ុនប្រេងឥន្ទនៈ PVC លោក Thanh បានបង្ហាញពីភាពមិនទទួលខុសត្រូវ និងការធ្វេសប្រហែស នៅក្នុងការដឹកនាំក៏ដូចជាការគ្រប់គ្រង កិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលបានបណ្តាលឲ្យខាតបង់ប្រាក់ជិត ៣.៣ពាន់ ពាន់លានដុងដែលស្មើនឹង ១៤២លានដុល្លារអាមេរិក៕