(ភ្នំពេញ)៖ ជំនួសមុខឱ្យលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ និងជាតំណាងប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីខណ្ឌ, លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីសង្កាត់ និងមន្ត្រីកាន់ការងារអត្តសញ្ញាណជនក្រីក្រ បានឆ្លៀតឱកាស ចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយការនាំយកថវិកា (គ.ក.ន.ក) ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣៦គ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅមួយចំនួន។

សកម្មភាពសមធម៌របស់ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីសង្កាត់ទួលសង្កែទី១ និងមន្ត្រីពាក់ព័ន្ធនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ និងចំគោលដៅ ពីមេភូមិ-មេភូមិរង និងមេ៥០ខ្នង ក្នុងភូមិផ្សារតូច និងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រី រាជ ផាវឿន ឋិតក្នុងឱកាសប្រគល់ថវិកាឧបត្ថម្ភនេះដែរ, បានពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខជូនចំពោះប្រជាពលរដ្ឋក្រីក្រទាំង៣៦គ្រួសារ សូមឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ ដើម្បីចៀសផុតពីការឆ្លងជម្ងឺដង្កាត់ផ្សេងៗ ហើយត្រូវមានក្ដីសង្ឃឹមជានិច្ច តាមរយៈការរស់នៅដោយមានអនាម័យជាប់ជាប្រចាំ ក្នុងការខិតខំរិះរកមធ្យោបាយ សម្រាប់ប្រកបរបររកស៊ីទទួលទានចិញ្ជឹមជីវិតបន្តទៀត ពីសំណាក់លោកអភិបាលខណ្ឌឬស្សីកែវ និងប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីខណ្ឌ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្រីក្រទាំង៣៦គ្រួសារ និងបន្ទាប់ពីទទួលបានថវិកា ក្នុង១គ្រួសារចំនួន១០ម៉ឺនរៀលស្មើៗគ្នា ដើម្បីដោះស្រាយជីវភាពមួយចំនួនក្នុងបន្ទុកគ្រួសារ, បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងក្រៃលែង និងសូមជូនពរផងដែរ ចំពោះលោកអភិបាលខណ្ឌឬស្សីកែវ និងប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីខណ្ឌ តាមរយៈប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីសង្កាត់ទួលសង្កែទិ១ លោកស្រី រាជ ផាវឿន ពិសេសសូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕