(កំពង់ធំ)៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា នៅខេត្តកំពង់ធំ មានកើតជំងឺសារទឹកបានសម្លាប់សត្វក្របី អស់១៥ក្បាល និងបន្តឈឺ៤៧ក្បាល នៅតំបន់វាលក្រោមតំបន់៣ (តំបន់វាលស្រង៉ែ) ដែលប្រជាពលរដ្ឋបានទៅឃ្វាល ។

លោក ប៉ែន វណ្ណរិទ្ធ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តនៅល្ងាច ថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៤នេះថា រយៈពេល៣ថ្ងៃនេះ មន្ត្រីជំនាញបានព្យាបាលរួចរាល់ហើយ និងជួយសង្គ្រោះសត្វក្របី បានទាន់ពេលវេលា ហើយបច្ចុប្បន្ននេះស្ថានភាពសត្វក្របី ដែលឈឺទាំងនោះបានធូរ ស្រាលវិញ។ ដោយឡែកមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងសុព្យាបាលដឹកនាំដោយលោក ចាន់ បញ្ញវ័ន្ត បានបន្តចាក់វ៉ាក់សាំងសត្វគោ ក្របីសរុបចំនួន ៨៦៣ ក្បាល ក្នុងនោះគោចំនួន ២០០ក្បាល និងក្របីចំនួន ៦៦៣ក្បាល។

លោក ប៉ែន វណ្ណរិទ្ឋិ បានចាត់មន្ត្រីជំនាញ ឲ្យចុះពិនិត្យតាមដានស្ថានភាពសត្វ នៅតាមមូលដ្ឋានជាប់ជាប្រចាំ ហើយលោកក៏សូមអំពាវនាវដល់ ប្រជាកសិករ ចិញ្ចឹមសត្វទាំង អស់ ឱ្យរាយការជាបន្ទាន់ មកភ្នាក់ងារសុខភាពសត្វ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិត ប្រសិនបើមានករណី សង្ស័យស ត្វឈឺឬងាប់ នៅតាមមូលដ្ឋានដើម្បីក្រុមការងារបានជួយសង្គ្រោះទាន់ពេលវេលា ពិសេសម្ចាស់សត្វទាំងអស់ត្រូវយកសត្វមកទទួលវ៉ាក់សាំងមួយឆ្នាំឲ្យបាន ២ ដង ដើម្បីការពារជំងឺឆ្លងផ្សេងៗ៕