(រុស្ស៊ី)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ផ្នូរយុទ្ធជនអនាមិក នៅជញ្ជាំងវិមានក្រឹមឡាំង។

សូមបញ្ជាក់ថា ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានដឹកនាំប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ អាឡិកសាលលូកូវ (Oleg Salyukov) អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពសហព័ន្ធរុស្ស៊ី។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានជួបពិភាក្សាទ្វេភាគី ជាមួយសមភាគី នាយឧត្ដមសេនីយ៍ អាឡិក សាលលូកូវ (0leg Salyukov) អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពសហព័ន្ធរុស្ស៊ី ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី។

នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងរុស្ស៊ី នឹងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-រុស្ស៊ី ដើម្បីជំរុញសន្ទុះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ ក្នុងស្មារតីមិត្តភាពជាប្រពៃណី ជាមួយនឹងការគោរពជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមក៕