(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ក្រុមប្រឆាំងជ្រុលនិយមនិងបណ្តាញឃោសនារបស់គេពីក្រៅស្រុកមួយចំនួនបាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាងជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់ ប៉ុន្តែអ្នកពាក់ព័ន្ធទាំងអស់គ្នាត្រូវដើរតួជាវ៉ាក់សាំងការពារ និងបន្សាបមេរោគទាំងនោះ តាមរយៈសកម្មភាពបុរេសកម្ម បញ្ចេញព័ត៌មានពិតដែលរាជរដ្ឋាភិបាលបានខិតខំធ្វើដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមជាអធិបតីពីលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម បូរ៉ា អភិបាលរងខេត្ត តំណាងរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរដ្ឋបាលខេត្ត មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្តទាំង៣ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាននិងអ្នកនាំពាក្យថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក-ក្រុង និងឃុំ-សង្កាត់ សរុបជាង៤៥០នាក់។

នាឱកាសនោះ លោក ប៉ែន បូណា បានលើកឡើងថា «បច្ចុប្បន្ន ក្រុមប្រឆាំងជ្រុលនិយមនិងបណ្តាញឃោសនារបស់គេពីក្រៅស្រុកមួយចំនួនបាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាងជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់ ប៉ុន្តែយើងទាំងអស់គ្នាគឺជាវ៉ាក់សាំងការពារនិងបន្សាបមេរោគទាំងនោះ តាមរយៈសកម្មភាពបុរេសកម្ម បញ្ចេញព័ត៌មានពិតដែលរាជរដ្ឋាភិបាលបានខិតខំធ្វើដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ»

លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិនិងប្រជាជនដោយដាក់ជីវិតជាដើមទុន ដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ និងបានកសាងប្រទេសពីគំនរផេះផង់រហូតសម្រេចបានសមិទ្ធផលធំធេងមិនធ្លាប់មានពីមុន។ ម្យ៉ាងទៀត ពេលនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដើម្បីលើកស្ទួយមោទនភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះពលរដ្ឋទាំងអស់គ្នាមិនអនុញ្ញាតឱ្យអ្នកណាមកកាឡៃការពិត និងរារាំងដំណើរឆ្ពោះទៅមុខរបស់រាជរដ្ឋាភិបាលបានឡើយ។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងការងារព័ត៌មាននិងនាំពាក្យ ដោយសង្កត់ធ្ងន់លើតួនាទីនិងភារកិច្ចរបស់អ្នកនាំពាក្យ ការងារស្នូលរបស់អ្នកនាំពាក្យ ដែលត្រូវពាំនាំព័ត៌មានពិតឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបតាមគ្រប់មធ្យោបាយ និងត្រូវធ្វើយ៉ាងសកម្ម។

លោក ប៉ែន បូណា បានលើកទឹកចិត្តសិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យនេះ ដែលជាការពង្រឹងប្រសិទ្ធភាពក្រុមការងារព័ត៌មាន និងអ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល។

លោក ឌឹម បូរ៉ា បានថ្លែងថា ការបន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានឆបោក និងព័ត៌មានញុះញង់ផ្សេងៗរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ នៅមានកម្រិតនៅឡើយ។ អាស្រ័យហេតុនេះ តាមរយៈវគ្គបណ្តុះបណ្តាលតម្រង់ទិសនៅថ្ងៃនេះ នឹងជួយពង្រឹងការងារគ្រប់គ្រងព័ត៌មាននិងនាំពាក្យរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជារដ្ឋាភិបាលកម្ពុជា ឱ្យទទួលបានជោគជ័យតាមផែនការគ្រោងទុក៕