(ស្ទឹងត្រែង)៖ ដើម្បីលើកកម្ពស់គុណតម្លៃនៃវិស័យយុត្តិធម៌ឱ្យកាន់តែរឹងមាំ និងផ្តល់ភាពជឿជាក់ ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងស្នារតីស្វែងយល់ពីនិតិវិធី សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំរួមជាមួយមន្រ្តីនគរបាលយុត្តិធម៌ទូទាំងខេត្តស្ទឹងត្រែង និងមន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង។

លោក កែវ សុធា បានថ្លែងថា កិច្ចប្រជុំជាមួយមន្រ្តីនរគបាលយុទ្ធធម៌ ដើម្បីបញ្រ្ជាបព័ត៌មានក្នុងការបង្រ្កាប ទប់ស្កាត់និងផ្សព្វផ្សាយអប់រំដល់ប្រជាជនកុំឱ្យប្រព្រឹត្តអំពើល្មើសច្បាប់ នាំឱ្យការអន្តរាយខ្លួននិងក្រុមគ្រួសារ ជាពិសេសត្រូវជៀសឱ្យឆ្ងាយអំពីអំពើល្មើសដែលសង្គមស្អប់ខ្ពើម។ កិច្ចប្រជុំនេះ មានសារៈសំខាន់ខ្លាំងដោយលើការពិភាក្សាលម្អិតទៅលើនិតិវិធីនៃការកសាងសំណុំរឿងនៃអំពើល្មើសផ្សេងៗ ដើម្បីប្រតិបត្តិច្បាប់ឱ្យមានគុណភាពកាន់តែល្អប្រសើរ យល់ពីទុក្ខលំបាក់របស់ប្រជាជន និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាជន។

លោកព្រះរាជអាជ្ញា បានបន្តថា កិច្ចសំខាន់បំផុតដែលរាជរដ្ឋាភិបាលដាក់ជូន ត្រូវយកចិត្តទុកដាក់ បញ្ហាគ្រឿងញៀន ដែលបុស្តិ៍រដ្ឋបាលទាំងអស់ត្រូវតែស្វែងយល់ និងធ្វើការបង្រ្កាប ត្រូវយកចិត្តទុកដាក់លើបញ្ហាគ្រោះថ្នាក់ចរាចរ ទោះបីខេត្តស្ទឹងត្រែងមិនកើតឡើងករណីគ្រោះថ្នាក់ចរាចរ ប៉ុន្តែត្រូវតែរំលឹកឡើងវិញ ហើយបញ្ហាក្មេងទំនើងដែលសម្តេចធិបតី បានយកចិត្តទុកដាក់ខ្លាំង ដែលបញ្ហាក្មេងទំនើង ដោយកំណត់ឱ្យច្បាស់នូវមុខសញ្ញាក្មេងទំនើង ដែលប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវយល់ដឹងពី មុខសញ្ញាដែលបង្កចលចលាចល បង្កភាពអុកឡុកប៉ះពាល់ដល់សុខសន្តិភាព ប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕