(ភ្នំពេញ)៖ លោក ច័ន្ទ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានថ្លែងថា លោកនឹងស្នើសូមឲ្យ មានការបង្កើតយន្ដការ ទៅលើការតាមដាន ពិនិត្យ និងកែលម្អ នៅស្លាកសញ្ញាដែល បានបិទផ្សព្វផ្សាយ នៅលើទីសារធារណៈ ដើម្បីឲ្យកុំឲ្យបានការប្រើប្រាស់ពាក្យខុសៗ។
ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីបិទសិក្ខាសាលាស្ដីពី «ពិពិធភាពនៃភាសាខ្មែរ» នាល្ងាចថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៦ លោក ច័ន្ទ សំណព្វ បានឲ្យដឹងថា «យើងចង់ស្នើសុំឲ្យមាន ការបង្កើតយន្ដការ ទៅលើការតាមដាន និងកែលម្អនៅស្លាកសញ្ញា ដែលបានបិទផ្សាយនៅទីសាធារណៈ ពីព្រោះថា បើយើងបន្ដឲ្យមានកំហុសខុសឆ្គង ខាងផ្នែកអក្ខរាវារុទ្ធ ការសសេរពាក្យមិនត្រឹមត្រូវ លើទីសារធារណៈ វាអាចជាភាពស្រអាប់ មិនត្រឹមតែជាភាសាជាតិខ្មែរយើងទេ តែវាក៏នៅក្នុងតថភាពសង្គមទាំងមូលផងដែរ»។
លោកប្រធានបានបន្ដទៀតថា «យើងនឹងខិតខំធ្វើយ៉ាងណា ដើម្បីចេញនូវអនុក្រឹត្យ ឲ្យក្លាយជាយន្ដការពិតប្រាកដ របស់ជាតិមួយ ក្នុងការត្រួតពិនិត្យ ទៅលើស្លាកសញ្ញាទាំងអស់នេះ»។
លោក ច័ន្ទ សំណព្វ បានបន្ថែមទៀតថា ប្រសិនជាអាចធ្វើទៅបាន គឺយើងក៏ចង់ឲ្យមាននូវវចនានុក្រមជាតិគោលមួយ ដែលរួមផ្សំទៅនឹងពាក្យពេជច៍ ដែលយើងមានស្រាប់ ដើម្បីអភិរក្ស គឺយើងត្រូវប្រើពាក្យទាំងអស់នៅក្នុងវចនានុក្រម សម្ដេច ជួន ណាត ហើយយើងនឹងបន្ថែមនូវពាក្យថ្មីៗទៀត នៅក្នុងផ្នែកសំណេរ អក្ខរាវារុទ្ធ ដូចជាខ្លឹមសារនានា ដែលទាក់ទងនឹងផ្នែកអត្ថន័យ។
លោកបានឲ្យដឹងទៀតថា «ទាំងអស់នេះ អាចសម្រេចទៅបាន គឺយើងត្រូវមាននៅតួអង្គ៣ ដើម្បីរួមគ្នាទៅជាអង្គឯកភាពតែមួយគឺ១-ប្រមូលផ្ដុំនូវធនធានមនុស្ស ខាងផ្នែកភាសា និងអក្សរសាស្រ្ដខ្មែរ ដែលជាធនធានមនុស្សយ៉ាងសំខាន់ នៅក្នុងសង្គមជាតិ, ២-គឺដាក់ចេញនៅកម្មវិធី ក្នុងការជួបគ្នាពិភាក្សាគ្នាស្វែងរកនៅដំណោះស្រាយ និងទី៣- គឺត្រូវធ្វើយ៉ាងណាឲ្យស្របទៅនឹងគោលនយោលបាយជាតិ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ប្រគល់ជាបេសកកម្ម មកដល់ក្រុមប្រឹក្សាជាតិភាសាខ្មែរ»។
សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពី «ពិពិធភាពនៃភាសាខ្មែរ» នេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការអញ្ចើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផង»៕