(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម «គ.ជ.ប.ទ» បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពីលិខិតបទដ្ឋានជាតិ អន្ដរជាតិ លើការងារបង្ការទារុណកម្ម និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមអធិបតីភាពលោក នុត សាអាន ប្រធាន គ.ជ.ប.ទ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក ហ៊ី ព្រូ ជាសមាជិក គ.ជ.ប.ទ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោកចៅក្រម តំណាងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ លោកព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ អនុប្រធានពន្ធនាគារខេត្ត លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត លោកមេបញ្ជាការងនៃកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានសិក្ខាកាមជាមន្រ្តីរដ្ឋបាលសាលាខេត្ត មន្រ្តីពន្ធនាគារខេត្ត មន្រ្តីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្រ្តីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធ ជាច្រើនចូលរួម ។

លោក ហ៊ី ព្រូ សមាជិក គ.ជ.ប.ទ បានលើកឡើងថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាយន្តការថ្នាក់ជាតិមួយដែលមានឯករាជ្យភាពនៅពេលបំពេញមុខងាររបស់ខ្លួន ។ ការត្រួតពិនិត្យជាទៀងទាត់ របស់ គ.ជ.ប.ទ ធ្វើឡើងក្នុងគោលដៅពង្រឹង ការការពារជនដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីទារុណកម្ម ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប។

លោក ស៊ីម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺ បានមានមតិលើកឡើងថា ការសហការរៀបចំវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ជូនដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែកក្នុងខេត្តកំពង់ស្ពឺ នាពេលនេះពិតជាមានសារៈសំខាន់ណាស់ ព្រមទាំងអាចទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីចូលរួមចំណែកធ្វើឱ្យការងារប្រឆាំងទារុណកម្មកាន់តែទទួលបានជោគជ័យឡើងថែមទៀត។

លោកស្រី ម៉ារៀ ឌីអកណូ - Maria Diokno តំណាង OHCHR បានមានមិតលើកឡើងថា តាំងពីការចាប់ផ្តើមបង្កើតមក អង្គការសហប្រជាជាតិ តែងតែថ្កោលទោសអំពើទារុណកម្ម ថាជាអំពើអាក្រក់ក្រៃលែង និងជាបទល្មើសក្នុងច្បាប់អន្តរជាតិ ហើយត្រូវបានហាមឃាត់យ៉ាងដាច់ខាត និងមិនអាចមានអ្វីយកមកធ្វើជាសំអាងក្នុងការប្រព្រឹត្តទង្វើនេះបាននោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។

ថ្លែងក្នុងសុន្ទរកថាបិទ លោក នុត សាអាន ប្រធាន គ.ជ.ប.ទ បានថ្លែងអំណរគុណដល់ ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស លោកអភិបាលនៃគណៈអភិបាលខេត្ត ដែលបានសហការសម្របសម្រួលជួយរៀបចំវគ្គនាពេលនេះ។

លោកក៏បានរៀបរាប់អំពីសាវតានៃការកកើត គ.ជ.ប.ទ បញ្ហាប្រឈមរបស់ គ.ជ.ប.ទ និងមន្រ្តីអនុវត្តច្បាប់។ មន្រី្តប្រតិបត្តិច្បាប់ត្រូវអនុវត្តភារកិច្ចខ្លួនឱ្យស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស អាចប្រើប្រាស់កម្លាំងបានតែក្នុងករណីចំបាច់បំផុតសមហេតុផល ដើម្បីទប់ស្កាត់បទល្មើស មិនឱ្យប្រព្រឹត្តិការញុះញុង ឬបណ្តោយឲ្យមានការធ្វើទារុណកម្ម ឬប្រព្រឹត្តិកម្ម ឬដាក់ទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ឬយកបទបញ្ជាថ្នាក់លើមកធ្វើជាលេសឡើយប។ ត្រូវធានាឱ្យបាននូវការការពារពេញលេញដល់សុខភាព របស់ជនដែលស្ថិតក្នុងការឃុំឃាំងរបស់ខ្លួន ជាពិសេសត្រូវចាត់វិធានការភ្លាមៗតាមការចាំបាច់ ដើម្បីធានាបង្ការ និងឈានដល់ការលុបបំបាត់ទាំងស្រុងនូវអំពើទារុណកម្ម ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕