១៖ ដើមកំណើត របស់វីរុស Zika
នៅក្នុងឆ្នាំ១៩៤៧ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញវីរុស Zika ដំបូងគេបង្អស់នៅក្នុងព្រៃ Zika នៃប្រទេស អ៊ូហ្គាន់ដា ទ្វីបអាហ្រ្វិច ដែលវីរុសនេះត្រូវបានវិវត្តន៍ ចេញពីជំងឺគ្រុនក្តៅប្រភេទលឿង របស់សត្វស្វាមួយប្រភេទ។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៥៤ វីរុសនេះក៏ត្រូវបានចម្លងដល់មនុស្ស នៅក្នុងប្រទេសនីហ្សេរីយ៉ា។
រហូតមកដល់ឆ្នាំ២០០៧ វីរុស Zika ក៏បានបង្កការរីករាលដាលដល់មនុស្ស ស្ទើរគ្រប់តំបន់ទូទាំង ពិភពលោក ដោយនៅក្នុងនោះរួមមាន តំបន់អាហ្វ្រិក តំបន់អាស៊ីអាគ្នេយ៍ និងកោះមួយចំនួននៃ មហាសមុទ្រប៉ាស៊ីហ្វិក ជាដើម។ ទោះបីជាយ៉ាងណាកាលពីសម័យនោះ វីរុសនេះត្រូវបានគេចាត់ទុក គ្រាន់តែជាជំងឺគ្រុនក្តៅថ្មីមួយប៉ុណ្ណោះ ដោយមិនមានវិធានការ ឬ ការព្យាបាលជាក់លាក់ណាមួយនោះឡើយ។
ដោយឡែកចាប់តាំងពីខែមេសា ឆ្នាំ២០១៥ វីរុសZika ក៏បានធ្វើការរាតត្បាតយ៉ាងខ្លាំងនៅ តំបន់អាមេរិកកណ្តាល និង អាមេរិកខាងត្បូង ដោយមនុស្សភាគច្រើនបានឆ្លងតាមរយៈ ការធ្វើដំណើរទៅកាន់ទីកន្លែងដែលមានអ្នកផ្ទុកវីរុស Zika រស់នៅ។
ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលគាំពារជំងឺពិភពលោក បានធ្វើសេចក្តីរាយការណ៍ថា នៅចន្លោះខែតុលា ឆ្នាំ ២០១៥ រហូតមកដល់ ខែមករា ឆ្នាំ ២០១៦ មានជនជាតិប្រេស៊ីលបានផ្ទុកវីរុស Zika រហូតដល់ ៣,៥០០នាក់ ដែលបានបណ្តាលឲ្យមនុស្សមួយចំនួនក្នុងចំណោមនោះបាត់បង់ជីវិត និង អ្នកខ្លះទៀតមានអាការៈគ្រុនក្តៅធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះក៏មានជនជាតិសិង្ហបុរីចំនួន ៣៤១នាក់ បានផ្ទុកវីរុស Zika ដែរ ដោយវាបានធ្វើការ រាតត្បាតយ៉ាងលឿនបំផុត ទៅកាន់បណ្តាប្រទេសមួយចំនួនទៀត នៅតំបន់អាស៊ីក្នុងអំឡុងខែសីហា និង កញ្ញានេះ ដែលបានបង្កជាបញ្ហា ធ្វើឲ្យមនុស្សម្នាទូទាំងពិភពលោកមានការព្រួយបារម្ភខ្លាំង។
២៖ ស្វែងយល់អំពី ការការពារវីរុស Zika
ជាក់ស្តែងវីរុស Zika ត្រូវបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈមូសខ្លាខាំ ដែលត្រូវបានគេ ហៅឈ្មោះជាភាសាអង់គ្លេសថា “ Aedes” ។ ជាមួយគ្នានេះដែរ វីរុស Zika ក៏អាចឆ្លងតាមរយៈ ការរួមភេទជាមួយអ្នកមានផ្ទុកវីរុស Zika ព្រមទាំងអាចឆ្លង ពីម្តាយដល់កូនក្នុងផ្ទៃផងដែរ ដែលអាចបណ្តាលឲ្យកូនមានលក្ខណៈមិនប្រក្រតីនៅពេលកើតមក។ ទោះបីជាយ៉ាងណាក្តី មជ្ឈមណ្ឌលគាំពារជំងឺពិភពលោក ក៏បានចាត់វិធានការមួយចំនួន ដើម្បីការពារ និង កាត់បន្ថយការឆ្លងវីរុស Zika ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ព្រមទាំងវិធីសាស្រ្តក្នុងការព្យាបាលវីរុសនេះផងដែរ។
៣៖ ការរីករាលដាលរបស់វីរុស Zika
អ្នកគួរការពារខ្លួនអ្នក និងក្រុមគ្រួសារអ្នក ដោយចៀសវាងកុំឲ្យមូសខាំទាំងពេលថ្ងៃនិងពេលយប់ មិនថានៅទីណាឬកន្លែងណាក៏ដោយ។ ការរីករាលដាល និងការចម្លងនៃវីរុស Zika មានច្រើនយ៉ាងដូចខាងក្រោម៖
* មូស គឺជាដើមហេតុចំបង ដែល អាចធ្វើការចម្លងវីរុស ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយ។
* វីរុស Zika អាចឆ្លងតាមរយៈការរួមភេទជាមួយអ្នកដែលមានផ្ទុកវីរុស Zika។
* ការចម្លងវីរ៉ុស ពីម្តាយដល់ទារកក្នុងផ្ទៃ ឬ ទារកបន្ទាប់ពីសម្រាលហើយ។
* ព្រមទាំង ការឆ្លងតាមរយៈ ការចាក់បញ្ចូលឈាម។
៤៖ អាការៈនៃវីរុស Zika
អ្នកផ្ទុក វីរុស Zika ភាគច្រើន មានអាការៈសាមញ្ញបំផុត ដោយពួកគេគ្រាន់តែមានអាការៈគ្រុនក្តៅ ឡើងកន្តួលក្រហមរមាស់ ឈឺសន្លាក់ និង ឈឺក្បាលតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អាការៈនៃវីរុស Zika ក៏អាចមានការឈឺសាច់ដុំ និង ក្រហមភ្នែកផងដែរ ដោយភាគច្រើនអាការៈទាំងនេះអាចកើនឡើង នៅក្នុងរយៈពេល ៣ ទៅ ៤ ថ្ងៃ។ ប៉ុន្តែប្រសិនបើ គ្មានការពិនិត្យឲ្យបានត្រឹមត្រូវ នោះទេ វានឹងធ្វើការរីកដាលដល់មនុស្សជុំវិញខ្លួន ព្រមទាំងធ្វើឲ្យអ្នកជំងឺមានស្ថានភាពខ្សោយទៅៗ។
៥៖ ហេតុអ្វីបានជាវីរុស Zika អាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះមនុស្សមួយចំនួន?
ការឆ្លងវីរ៉ុស Zika នៅក្នុងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ ខួរក្បាលរបស់ទារកនៅក្នុងផ្ទៃ ដែលត្រូវបានគេហៅថាជាជំងឺមីក្រូសែលភី (microcephaly ) ដោយវាអាចធ្វើឲ្យខួរក្បាលរបស់ទារកមានដំណើរការមិនប្រក្រតី។ មិនត្រឹមតែប៉ុណ្ណោះ វីរុស Zika ក៏អាចនាំឲ្យមានផលប៉ះពាល់ដល់ភ្នែក និងសមត្ថភាពនៃការលូតលាស់របស់ទារក ដោយវាបានធ្វើការបំផ្លាញដល់ប្រព័ន្ធភាពសុំារបស់ទារក។
៦៖ វីធីការពារវីរុស Zika តាមបែបវេជ្ជសាស្ត្រ
មជ្ឈមណ្ឌល គាំពារជំងឺពិភពលោក បាននិយាយថា កន្លងមកគ្មានវ៉ាក់សាំងណាដែលអាចការពារ កុំឲ្យឆ្លង វីរុស Zika បាននោះឡើយ។ ដូច្នេះហើយវិធីដ៏ល្អបំផុត ដើម្បីការពារការឆ្លងវីរុស Zika នេះ គឺយើងត្រូវការពារខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារជៀសវាងកុំឲ្យមូសខាំ ដោយវិធីមានដូចខាងក្រោម៖
* គួរពាក់អាវដៃវែង ជើងវែងជាប្រចាំ
* គួរស្នាក់នៅក្នុងកន្លែងដែលមានម៉ាស៊ីនត្រជាក់ ព្រមទាំងមានទ្វារ ឬ បង្អួចបិទជិតកុំឲ្យមានមូសចូលពីខាងក្រៅ
* គួរសម្អាតផ្ទះឲ្យបានស្អាតជាប្រចាំ ជៀសវាងការកើតមូស
* បើអាចគេងចងមុងជាប្រចាំ ជាពិសេសសម្រាប់ក្មេងតូចៗ និងស្រ្តីមានផ្ទៃពោះ
* ការពារការចម្លង វីរុស Zika តាមការរួមភេទ ដោយការប្រើប្រាស់ស្រោមអនាម័យ