(ភ្នំពេញ)៖ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីកម្ពុជានិងភាគីចិន មជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណា (Study in China Center) និងមជ្ឈមណ្ឌលខុងជឺកម្ពុជា (Confucius Home of Cambodia) ក៏ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីបំពេញបេសកកម្មនានាពាក់ព័ន្ធនឹងវិស័យអប់រំ ពិសេសគឺការផ្ដល់ព័ត៌មានសិក្សាលម្អិតជូនដល់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសចិន និងប្រទេសដទៃទៀត។

ការបើកសម្ពោធមជ្ឈមណ្ឌលទាំង២នេះធ្វើឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងជាតំណាងឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងក្រសួង មន្ទីរ សមាគមពាក់ព័ន្ធជាច្រើនទៀត។

លោក សរ រិទ្ធី ប្រធានមជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណា បានលើកឡើងថា មជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណាមានតួនាទី និងបេសកកម្មជាច្រើន រួមមាន៖ ១-ផ្ដល់នូវការប្រឹក្សាយោបល់ដល់សិស្ស-និស្សិតស្ដីពីឱកាសទទួលបាន ឬប្រឡងអាហារូបករណ៍ទៅសិក្សានៅតាមសាកលវិទ្យាល័យល្បីៗនៅសាធារណរដ្ឋប្រជាមានិតចិន ២-ផ្ដល់នូវការប្រឹក្សាយោបល់ស្ដីពីការរៀបចំកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចសិក្សានៅតាមសាកលវិទ្យាល័យនៅប្រទេសចិន ៣-រៀបចំកម្មវិធីពិព័រណ៍អប់រំនៅកម្ពុជា តំបន់អាស៊ាន និងប្រទេសចិនប្រចាំឆ្នាំ ៤-រៀបចំកម្មវិធីសិក្សាភាសាចិន និងគ្រូភាសាចិនជូនគ្រឹះស្ថានអប់រំនានាដែលមានតម្រូវការចាំបាច់ ៥-រៀបចំឱ្យមានការប្រឡងតេស្តសមត្ថភាពភាសាចិន HKS, HSKK, YTC ដោយសហការជាមួយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ៦-រៀបចំគ្រូបង្រៀនភាសាចិនជនជាតិចិននិងខ្មែរ ប្រកបដោយវិជ្ជាជីវៈ ដោយជំរុញនិងតម្រូវឱ្យឆ្លងកាត់ការបណ្ដុះបណ្ដាល និងការប្រឡងត្រឹមត្រូវ នៅវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកប្រធានបានបន្តថា មជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណាក៏ជាស្ពានចម្លងដ៏សំខាន់មួយរវាងកម្ពុជានិងចិន ក្នុងការផ្ដល់ព័ត៌មានសិក្សាលម្អិតស្ដីពីសាកលវិទ្យាល័យជូនដល់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍ និងតាមរយៈការបង់ថ្លៃ ហើយក៏ជាមជ្ឈមណ្ឌលរៀបចំកម្មវិធីសិក្សាភាសាចិនជូនគ្រឹះស្ថានអប់រំនានានៅកម្ពុជាផងដែរ។

លោក សរ រិទ្ធី បានប្ដេជ្ញាថា មជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណានឹងខិតខំសហការឱ្យបានល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា សមាគមអប់រំនិងតម្រង់ទិសសិស្សមធ្យមកម្ពុជា សមាគមកម្ពុជាចិនដើម្បីផ្លាស់ប្ដូរការអប់រំ និងដៃគូសហការដទៃទៀត ដើម្បីចូលរួមក្នុងការជំរុញវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

លោក កាវ ជាន ប្រធានសមាគមកម្ពុជាចិនដើម្បីផ្លាស់ប្ដូរការអប់រំ បានរំឭកថា ការបង្កើតមជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណា និងមជ្ឈមណ្ឌលខុងជឺកម្ពុជា មិនត្រឹមតែជាស្ពានតភ្ជាប់វប្បធម៌ចិនសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក្លាយជាតំណភ្ជាប់ដ៏សំខាន់សម្រាប់ប្រជាជនទាំងពីរក្នុងការពង្រឹងមិត្តភាព និងការយល់ដឹងកាន់តែស៊ីជម្រៅ។ មជ្ឈមណ្ឌលក៏នឹងផ្ដល់ឱកាសដល់សិស្ស-និស្សិតកម្ពុជាឱ្យស្វែងយល់ពីវប្បធម៌ និងស្វែងយល់ពីកំណប់ប្រាជ្ញានៃអរិយធម៌ដ៏រុងរឿង៥០០០ឆ្នាំរបស់ប្រទេសចិនកាន់តែទូលំទូលាយ។

លោក កាវ ជាន បានបន្តថា ការបើកមជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណានឹងផ្តល់សេវាកម្មកាន់តែងាយស្រួល និងការណែនាំប្រកបដោយវិជ្ជាជីវៈដល់យុវជនកម្ពុជាដែលមានក្ដីស្រមៃចង់ទៅសិក្សានៅបរទេស។ លោកជឿជាក់យ៉ាងមុតមាំថា តាមរយៈវេទិកានៃមជ្ឈមណ្ឌលស្តាឌីអ៉ីនឆាយណា យុវជនកម្ពុជាកាន់តែច្រើននឹងមានឱកាសទទួលបានបទពិសោធន៍នូវភាពទាក់ទាញដ៏មិនចេះរីងស្ងួតរបស់ប្រទេសចិន រៀនពីចំណេះដឹងនិងបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន និងចូលរួមចំណែកដល់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងកម្ពុជានិងចិន។

លោកបណ្ឌិត តុង វណ្ណៈ ប្រធានសមាគមអប់រំនិងតម្រង់ទិសសិស្សមធ្យមកម្ពុជា បានកោតសរសើរថា ការបើកមជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណា និងមជ្ឈមណ្ឌលខុងជឺប្រចាំកម្ពុជានេះ គឺជាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូតអប់រំដែលកំពុងមានស្រាប់រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងរវាងសមាគមនិងសមាគមឱ្យកាន់តែជិស្និទ្ធបន្ថែមទៀត។

លោកបណ្ឌិតបានបន្តថា ការបើកមជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណា និងមជ្ឈមណ្ឌលខុងជឺប្រចាំកម្ពុជា គឺពិតជាស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងបានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំរដ្ឋនិងឯកជនទាំងអស់ឱ្យបន្តចូលរួមជំរុញគ្រប់សកម្មភាពក្នុងវិស័យអប់រំ ដោយត្រូវបានផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្ស និងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព បរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

លោកស្រីរដ្ឋលេខាធិការប្រចាំការ គឹម សេដ្ឋានី បានលើកឡើងថា ការបើកដំណើរការមជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណា និងមជ្ឈមណ្ឌលខុងជឺកម្ពុជានេះ គឺចំឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ដែលនឹងជួយជំរុញបន្ថែមទៀតឱ្យប្រជាននិងយុវជនកម្ពុជាយល់ដឹងអំពីប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន ដែលមានរយៈពេលជាង២០០០ឆ្នាំមកហើយ ហើយក៏ជួយពង្រឹងនិងព្រីកកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិននៅក្នុងយុគសម័យថ្មីនេះ និងបន្តទៅអនាគតទៀត។

លោកស្រីរដ្ឋលេខាធិការប្រចាំការបានបន្តថា តួនាទីនិងបេសកកម្មរបស់មជ្ឈមណ្ឌលទាំង២នេះក៏បានចូលរួមដោយផ្ទាល់និងប្រយោលជាមួយគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសត្រូវនឹងការចូលរួមផលិតនូវមូលធនមនុស្សមានចំណេះដឹង បំនិន សមត្ថភាពដែលស្របទៅតាមតម្រូវការទីផ្សារការងារ ប្រកបដោយភាពប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។

គួរជម្រាបថា មជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណា និងមជ្ឈមណ្ឌលខុងជឺកម្ពុជា មានទីតាំងស្ថិតនៅអគារពាណិជ្ជកម្ម៣៤៥ (ជាន់ទី៥) សង្កាតបឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទល់មុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស)៕